FIFA ស្នើឲ្យអាជ្ញាកណ្តាលគ្រប់រូបកាត់បន្ថយ ការខ្ជះខ្ជាយម៉ោងនៅ World Cup
(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA បានស្នើដល់អាជ្ញាកណ្តាលគ្រប់រូបឲ្យប្រុងប្រយ័ត្ន និងកាត់បន្ថយការខ្ជះខ្ជាយពេលវេលាដោយឥតប្រយោជន៍នៅអំឡុងប្រកួត World Cup ទាំងផ្នែកបុរស និងស្រ្តី។
ការខ្ជះខ្ជាយម៉ោងនេះត្រូវបានមើលឃើញនៅអំឡុងប្រកួត World Cup ផ្នែកបុរស នាឆ្នាំ២០២២ នៅប្រទេសកាតា ដែលជាមធ្យមមានការថែមម៉ោងដល់ទៅ ១១នាទីឯណោះ និងមានការថែមម៉ោងដល់ទៅ ២៧នាទីផងដែរនៃជំនួបរវាងអង់គ្លេស ប៉ះអ៉ីរ៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ FIFA ដែលត្រូវបានដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា Live Score នាថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០២៣ នេះថា កំហាតពេលទាំងនោះ គឺកើតឡើងនៅពេលផ្លាស់ប្តូរកីឡាករលើទីលាន ការព្យាបាលកីឡាកររបួស ការអបអរគ្រាប់បាល់បំប៉ោងសំណាញ់ទី និងការចំណាយពេលពិនិត្យប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) ជាដើម។
កំហាតម៉ោងក្នុងករណីទាំងនេះ ត្រូវបានសហព័ន្ធអន្តរជាតិមួយនេះ ណែនាំឲ្យបន្ថែមនៅចុងម៉ោងនីមួយៗ ជាជាងថែមសរុបនៅចុងបញ្ចប់ប្រកួតពេញម៉ោង ដូចសព្វមួយដងវិញ។
លើសពីនេះទៀត FIFA ក៏បានណែនាំដល់អាជ្ញាកណ្តាលឲ្យផ្ទៀងផ្ទាត់ និងកាត់បន្ថយការខ្ជះខ្ជាយម៉ោងដូចជាការទាត់បាល់ free kick, ការគប់បាល់ចូលទីលាន (throw-ins), ការទាត់បាល់ជ្រុង និងរយៈពេលដែលកីឡាករចាំទីកាន់បាល់ មុនពេលបញ្ជូនឲ្យមិត្តរួមក្រុមដែរ៕ ផ្តល់សិទ្ធិដោយ៖ Fresh News


