ព័ត៌មានអន្តរជាតិ July 13, 2023

ទីបំផុត Elon Musk ប្រកាសបង្ហាញឈ្មោះក្រុមហ៊ុន AI ផ្ទាល់ខ្លួនជាផ្លូវការ

Khmerpress

(បរទេស)៖ បន្ទាប់ពីរយៈពេលជាង ៣ខែដែលកំពូលមហាសេដ្ឋីលំដាប់ពិភពលោក Elon Musk បង្ហើបថា នឹងចាប់ផ្តើមបង្កើតកម្មវិធី AI ផ្ទាល់ខ្លួនដែលជាកម្មវិធីផ្តល់ទិន្នន័យពិត ពេលនេះ Musk បានប្រកាសចេញក្រុមហ៊ុននោះជាផ្លូវការហើយ ដែលមានឈ្មោះថា xAI។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។

កាលពីខែមេសាកន្លងទៅ Musk ធ្លាប់បានលើកឡើងថា លោកនឹងចាប់ផ្តើមបង្កើតកម្មវិធី TruthGPT ឬ AI ផ្ទាល់ខ្លួន ដែលកម្មវិធីរបស់លោកនឹងផ្តល់តែទិន្នន័យពិតជាអតិបរិមាដល់អ្នកប្រើប្រាស់ បើធៀបនឹង AI ដែលកំពុងដំណើរការបច្ចុប្បន្ន។

Musk ត្រូវបានគេស្គាល់ថាជាអ្នកដែលផ្តើមគំនិតអភិវឌ្ឍន៍ AI ដំបូងគេជាមួយនឹង Microsoft ទៅលើក្រុមហ៊ុន OpenAI ប៉ុន្តែក្រោយមានបញ្ហាក្នុងអំឡុងឆ្នាំ២០១៨ លោកក៏លាឈប់ពីក្រុមប្រឹក្សាភិបាលនៅទីនោះ។ ដោយឡែកកាលពីពេលថ្មីៗនេះ Musk ក៏បានអំពាវនាវឱ្យមានការរឹតបន្តឹងទៅលើការប្រើប្រាស់ AI ផងដែរ ដោយលើកឡើងពីបញ្ហាមនុស្សជាតិ ដែលអាចធ្វើឱ្យអ្នកប្រើប្រាស់ជុំវិញពិភពលោកមិនអាចបែងចែកដាច់រវាងរូបភាពពិត ឬប្រឌិត និងទិន្នន័យមិនពិតមួយចំនួននៅលើ AI។

តែយ៉ាងណាជុំវិញការដាក់ដំណើរការកម្មវិធី AI ផ្ទាល់ខ្លួនរបស់ Musk ដែលមានឈ្មោះថា xAI នេះត្រូវបានលោក គូសបញ្ជាក់ច្បាស់ៗថានឹងផ្តល់ «ទិន្នន័យ និងព័ត៌មានពិត» ជាអតិបរិមា និងព្យាយាមពង្រឹងលុបបំបាត់ព័ត៌មានក្លែងក្លាយដែលប៉ះពាល់ដល់មនុស្សជាតិ។ យោងតាមគេហទំព័រ xAI បានបង្ហោះថា នឹងរៀបចំព្រឹត្តិការណ៍ Twitter Spaces នៅថ្ងៃទី១៤ ខែកក្កដានេះ ដូច្នេះមានន័យថា xAI ទំនងជាដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃស្អែកនេះហើយ។

គួរជម្រាបដែរថា ក្រុមហ៊ុន xAI មានការចូលរួមបង្កើតពីបុគ្គលបច្ចេកវិទ្យាខ្លាំងៗជាច្រើនរូប ក្នុងនោះរួមមានលោក Igor Babuschkin អតីតវិស្វករកំពូលនៅ DeepMind របស់ Google លោក Tony Wu និងលោក Christian Szegedy ត្រូវបានគេបញ្ជាក់ថាកំពុងធ្វើការនៅ Google បច្ចុប្បន្ន និងលោក Greg Yang អតីតបុគ្គលិកនៅ Microsoft ជាមួយការធ្វើបច្ចុប្បន្នភាពនៅលើប្រវត្តិរូបថ្មីៗនេះលោកមានតួនាទីជា cofounder នៅ xAI៕ ផ្តល់សិទ្ធិដោយ៖ freshnews