ព័ត៌មានអន្តរជាតិ July 14, 2023

ទីបំផុតលោក Pita Limjaroenrat ទទួលបានសំឡេងគាំទ្រមិនគ្រប់គ្រាន់នោះទេ ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ថៃ

Khmerpress

(បាងកក)៖ បន្ទាប់ពីការរាប់សំឡេងឆ្នោតក្នុងសភាថៃបានបញ្ចប់ លទ្ធផលបានបង្ហាញថា ប្រធានគណបក្ស Move Forward គឺលោក Pita Limjaroenrat ទទួលបានសំឡេងគាំទ្រមិនគ្រប់គ្រាន់ឡើយ ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣។

នៅព្រហស្បតិ៍នេះ សម័យប្រជុំរួមនៃរដ្ឋសភានិងព្រឹទ្ធសភាថៃ ត្រូវបានបើកធ្វើឡើង ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី ក្រោយការបោះឆ្នោតសកលកាលពីខែឧសភាកន្លងទៅ។ លទ្ធផលនៃការបោះឆ្នោតនៅក្នុងសភា បានបង្ហាញថា លោក Pita ដែលជា​បេក្ខជនតែម្នាក់គត់ គឺទទួលបានសំឡេងគាំទ្រមិនគ្រាប់គ្រាន់ទេ បន្ទាប់ពីមានសំឡេងជំទាស់ និងអនុបវាទជាច្រើន ប្រឆាំងរូបលោក។ យោងតាមលក្ខខណ្ឌចាំបាច់ គឺលោក Pita ត្រូវការចំនួន៣៧៥សំឡេង ដែលជាសំឡេងភាគច្រើន ទើបអាចក្លាយជា​នាយករដ្ឋមន្រ្តីបាន។ តំណាងរាស្រ្តថៃសរុប ៦៧៦នាក់ ក្នុង៧៤៩នាក់ (សមាជិកព្រឹទ្ធសភាម្នាក់លាលែងពីតំណែង) បានចូលរួមក្នុងសម័យប្រជុំនេះ ហើយក្នុងនោះមានសមាជិកព្រឹទ្ធសភា ២១៦នាក់។

គួរបញ្ជាក់ថា ដោយសារតែមិនអាចជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីបានបែបនេះ សភាថៃត្រូវគេរំពឹងថា នឹងរៀបចំការបោះឆ្នោតជាថ្មីម្តងទៀត នៅសប្តាហ៍ក្រោយ ហើយបេក្ខជនដដែលនៅតែអាចឈរឈ្មោះជាថ្មី ឬក៏បេក្ខជនផ្សេងទៀតត្រូវបានតែងតាំងឱ្យចូលរួមប្រកួតប្រជែង។ នីតិវិធីបែបនេះនឹងត្រូវធ្វើឡើង រហូតទាល់តែមានបេក្ខជនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ដោយមិនមានកំណត់ពីចំនួននៃការបោះឆ្នោត ឬកាលបរិច្ឆេទផុតកំណត់នោះទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews​