ព័ត៌មានអន្តរជាតិ July 15, 2023

លោក ហ្សេលេនស្គី ថារុស្ស៉ីកំពុងប្រមែប្រមូលធនធានគ្រប់យ៉ាង ដើម្បីបញ្ឈប់ទាហានអ៊ុយក្រែន

Khmerpress

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានក្រើនរំឮកដល់ប្រជាជនអ៊ុយក្រែន និងទាហានរបស់លោកថារុស្ស៉ី បាន និងកំពុង ប្រមែប្រមូលធនធានទាំងអស់ដែលពួកគេមាន ដើម្បីវិនិយោគលើសង្រ្គាមឈ្លានពានរបស់ខ្លួន ក្នុងគោលបំណងបញ្ឈប់ភាពរីកចម្រើនទៅមុខនៃប្រតិបត្តិការ វាយបករបស់ទីក្រុងកៀវ នៅក្នុងតំបន់ភាគខាងត្បូង និងភាគខាងកើត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣។

លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសុន្ទរកថាប្រចាំថ្ងៃ នៅថ្ងៃសុក្រសប្ដាហ៍នេះ និងបន្ទាប់ពីក្រុមមន្ត្រីអ៊ុយក្រែន ទទួលស្គាល់ថាប្រតិបត្តិការ វាយបកប្រឆាំងកងកម្លាំងរុស្ស៉ី ពិតជាមានភាពយឺតយ៉ាវជាងការរំពឹងទុកមួយចំនួនពិតមែន បើទោះជាកងកម្លាំងអ៊ុយក្រែនមានភាពរីកចម្រើនទៅមុខជាពិសេស នៅសមរភូមិភាគខាងត្បូង និងនៅជុំវិញទីក្រុងបាកមូត ក៏ដោយ។

លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «យើងទាំងអស់គ្នាត្រូវយល់ឱ្យច្បាស់ថាកងកម្លាំងរុស្ស៉ីដែលកំពុងស្ថិតនៅទឹកដីរបស់យើងនៅភាគខាងត្បូង និងភាគខាងកើត កំពុងប្រមែប្រមូលធនធានគ្រប់យ៉ាងដែលពួកគេមាន ដើម្បីបញ្ឈប់អ្នកចម្បាំងរបស់យើង»

គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថានោះ លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី ក៏បានអះអាងផងដែរថាលោកទទួលបានព័ត៌មានសំខាន់ៗមួយចំនួនពី ស្ថានភាពសន្តិសុខក្នុងប្រទេសបេឡារុស ខណៈរូបលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ បើទោះជាបច្ចុប្បន្នមិនមានសញ្ញាពីការគំរាមកំហែងធ្ងន់ធ្ងរ ណាមួយក៏ដោយ។ មួយវិញទៀត ការអត្ថាធិប្បាយរបស់លោក ហ្សេលេនស្គី ទាក់ទងនឹងបេឡារុសនេះទៀតសោត កើតមានឡើងចំពោះមាន សេចក្ដីរាយការណ៍ថាទាហានស៊ីឈ្នួលរុស្ស៉ី Wagner បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីជួយបណ្ដុះបណ្ដាលកងទ័ពបេឡារុស៕ ផ្តល់សិទ្ធិដោយ៖ freshnews