ព័ត៌មានអន្តរជាតិ July 17, 2023

ព្យុះ Talim ត្រូវបានព្យាករថានឹងវាយប្រហារភាគខាងត្បូងប្រទេសចិន ដោយប្រែទៅជាព្យុះទីហ្វុង

Khmerpress

(ប៉េកាំង)៖ អាជ្ញាធរឧតុនិយមចិនបានព្យាករថាព្យុះត្រូពិកមួយឈ្មោះ ថាលីម (Talim) នឹងបក់បោកទៅដល់តំបន់ដីគោកដោយប្រែទៅជាព្យុះទីហ្វុងមួយ នៅភាគខាងត្បូងនៃ ប្រទេសចិន នៅយប់ថ្ងៃចន្ទសប្ដាហ៍នេះ ខណៈអាជ្ញាធចិនបានលុបចោលជើងហោះហើរជាច្រើន ព្រមទាំងហៅទូក ឬកប៉ាល់ឡើងមកច្រាំងវិញ និងព្រមានប្រជាជនក្នុងតំបន់ឱ្យ ស្នាក់នៅក្នុងផ្ទះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣។

រដ្ឋបាលឧតុនិយមចិន ក៏បានប្រកាសអាសន្នកម្រិតពណ៌ទឹកក្រូចសម្រាប់ព្យុះ Talim ផងដែរនៅថ្ងៃចន្ទនេះជាមួយការបញ្ជាក់ថាព្យុះនេះត្រូវបានគេរំពឹងថានឹងបង្កើនឥទ្ធិពលក្លាយ ទៅជាព្យុះទីហ្វុងដ៏ខ្លាំងមួយ នៅពេលដែលវាបក់បោកទៅដល់តំបន់ដីគោកស្ថិតនៅតាមបណ្ដោយឆ្នេរភាគខាងត្បូង ចាប់ពីខេត្តក្វាងទុង (Guangdong) ដល់ខេត្តហៃណាន់ (Hainan)។

គួរបញ្ជាក់ថា ចិនមានកម្រិតប្រកាសអាសន្នពីអាកាសធាតុចំនួន ៤ពណ៌ ហើយក្នុងនោះពណ៌ទឹកក្រូច ជាការប្រកាសអាសន្នធ្ងន់ធ្ងរកម្រិតលេខ២។ ព្យុះ Talim នឹងក្លាយជា ព្យុះទីហ្វុងទី៤ នៅក្នុងឆ្នាំនេះ ប៉ុន្តែវានឹងក្លាយជាព្យុះទីហ្វុងលើកដំបូងដែលបក់បោកដល់តំបន់ដីគោកក្នុងប្រទេសចិន។ បើតាមរដ្ឋបាលឧតុនិយមចិន គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ព្យុះ Talim កំពុងស្ថិតនៅចម្ងាយ ៣៧៥គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃទីក្រុងសានជាំង (Zhanjiang) នៃខេត្តក្វាងទុង ហើយកំពុងបក់បោកក្នុងល្បឿន ២០គីឡូម៉ែត្រក្នុងមួយម៉ោង៕ ផ្តល់សិទ្ធិដោយ៖ freshnews