រុស្ស៊ីហាមមន្រ្តីក្នុងជួររដ្ឋាភិបាលទាំងអស់មិនឱ្យប្រើប្រាស់ឧបករណ៍របស់ Apple បន្តទៀតនោះទេ
(បរទេស)៖ អាជ្ញាធររុស្ស៊ីចាប់ផ្តើមហាមឃាត់មន្រី្តដែលមម្រើការក្នុងជួររដ្ឋាភិបាលទាំងអស់របស់ខ្លួនមិនឱ្យប្រើប្រាស់ឧបករណ៍របស់ Apple ទៀតនោះទេរាប់ចាប់ពី iPhone និងឧបករណ៍មួយចំនួនទៀត។ នេះបើយយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Engadget នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។
គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះក្រសួងពាណិជ្ជកម្មរបស់រុស្ស៊ីបានចាប់ផ្តើមហាមឃាត់លើបុគ្គលិកបម្រើការរបស់ខ្លួនពីការប្រាស់ iPhone ទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះនៅមានទីភ្នាក់ងារផ្សេងទៀត រួមទាំងក្រសួងទូរគមនាគមន៍ និងក្រសួងពាក់ព័ន្ធរបស់រុស្ស៊ីត្រៀមចាប់ផ្តើមអនុវត្តការហាមឃាត់ឆាប់ៗខាងមុខនេះ។
ប្រភពពីកាសែត The Financial Time បានឱ្យដឹងថា ការហាមឃាត់នេះនឹងគ្របដណ្តប់លើផលិតផលទាំងអស់របស់ Apple។ តែយ៉ាងណាក្នុងករណីលើកលែងខ្លះបុគ្គលិកជួររដ្ឋាភិបាលនៅតែអាចប្រើប្រាស់ iPhone បាន តែហាមដាច់ខាតមិនឱ្យមានពាក់ព័ន្ធនឹងការងារដ្ឋាភិបាលនោះទេ។ ខណៈការហាមឃាត់នេះកើតឡើងបន្ទាប់ពីសេវាសន្តិសុខសហព័ន្ធ (FSB) របស់រុស្ស៊ីបានអះអាងនៅដើមខែមិថុនាថាកន្លងទៅ ខ្លួនបានរកឃើញថាមាន «ប្រតិបត្តិការចារកម្មដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក» ពាក់ព័ន្ធនឹងឧបករណ៍ Apple ។
FSB បានបន្តទៀតថា គេបានរកឃើញមាន iPhone រាប់ពាន់គ្រឿង រួមទាំងឧបករណ៍ដែលប្រើប្រាស់ដោយមន្រ្តីកាទូតរបស់ប្រទេសរុស្ស៊ី ជាមួយនឹងបណ្តាប្រទេសដែលមានសម្ព័ន្ធអង្គការណាតូត្រូវបានលួចចូល ប៉ុន្តែត្រូវគេរកឃើញតាមរយៈកម្មវិធីត្រួតពិនិត្យយ៉ាងល្អិតល្អន់របស់រុស្ស៊ី។
គួរជម្រាបដែរថា ចាប់តាំងពីការលុកលុយរបស់ប្រទេសរុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈកន្លងទៅ Apple បានកាត់ផ្តាច់ការចូលប្រើប្រាស់ Apple Pay រួមទាំងបញ្ឈប់ការលក់ផលិតផលទាំងអស់នៅក្នុងប្រទេសរុស្ស៊ី។ នៅពេលនោះ Apple បានបញ្ជាក់យ៉ាងច្បាស់ថា ការសម្រេចចិត្តនេះគឺដើម្បីឆ្លើយតបទៅនឹងការលុកលុយដោយកកត់សម្គាល់ថា Apple នឹងឈរនៅជាមួយប្រជាជនទាំងអស់ដែលរងការឈឺចាប់ដោយសារការលុកលុយ៕ ផ្តល់សិទ្ធិដោយ៖ Fresh News


