តារាសម្ដែង និងអ្នកនិពន្ធនៅហូលីវូដ រួមគ្នាធ្វើកូដកម្មខាងក្រៅអគារ Netflix ដើម្បីទាមទារការដំឡើងប្រាក់ឈ្នួល
(បរទេស)៖ រឿងរ៉ាវផ្ទុះការតវ៉ានៅហូលីវូដ ហាក់មិនទាន់ស្វែងរកដំណោះស្រាយបាននៅឡើយទេ ខណៈដែលនៅពេលនេះទាំងតារាសម្ដែង និងអ្នកនិពន្ធអាមេរិកជាច្រើន បាននាំគ្នាចេញមុខធ្វើកូដកម្ម នៅខាងក្រៅអគារ Netflix និងស្ទូឌីយោផលិតកុនផ្សេងៗទៀត នៅសហរដ្ឋអាមេរិក ដើម្បីទាមទារការដំឡើងប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ សម្រាប់ពួកគេពីការចាក់ផ្សាយភាពយន្តតាមអនឡាញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sky News នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។
នេះជាលើកដំបូងក្នុងរយៈពេល ៦៣ឆ្នាំមកនេះ ដែលសហជីពតំណាងឲ្យតារាសម្តែង ដែលហៅថា SAG- និងសហជីពអ្នកនិពន្ធហៅថា WGA បានរួមគ្នា ធ្វើកូដកម្មដំណាលគ្នានៅតាមផ្លូវនៃទីក្រុង Los Angeles ដើម្បីទាមទារឡើងប្រាក់ឈ្នួល ព្រមទាំងអត្ថប្រយោជន៍នានានៅក្នុងសម័យថ្មីនេះ ក្នុងនោះបូករួមទាំងការធានាថា ការងាររបស់ពួកគេនឹងមិនត្រូវបានជំនួស និងកេងចំណេញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI នោះឡើយ។
តារាហូលីវូដជាច្រើនបាននិងកំពុង ចូលរួមជាមួយអ្នកនិពន្ធអត្ថបទភាពយន្ត និងទូរទស្សន៍ ក្នុងការធ្វើកូដកម្មឈប់ពីការងារ និងទាមទារឲ្យស្ទូឌីយោធំៗនៅសហរដ្ឋអាមេរិក បញ្ឈប់ការថតទាំងអស់នៅពេលនេះ ខណៈដែលការចរចាតម្លើងប្រាក់ឈ្នួលរបស់ពួកគេ មិនទាន់ទទួលបានជោគជ័យ។
គួរបញ្ជាក់ថា កូដកម្មរបស់សហជីពអ្នកសម្ដែង និងអ្នកនិពន្ធ ដែលជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាលើកដំបូង ក្នុងរយៈពេលជាង ៦០ឆ្នាំនេះ នឹងបន្ថែមការខូចខាតសេដ្ឋកិច្ច ពីការផ្អាកការងាររបស់អ្នកនិពន្ធដែលបានចាប់ផ្តើមតាំងពីថ្ងៃទី០២ ខែឧសភា និងផ្តល់នូវការប៉ះទង្គិចមួយផ្សេងទៀត ដល់ឧស្សាហកម្មផលិតភាពយន្ត ដែលមានទំហំរាប់ពាន់លានដុល្លារ៕ ផ្តល់សិទ្ធិដោយ៖ Fresh News


