Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ប្រកាសផ្ដល់ជំនួយយោធា ១.៣ពាន់លានដុល្លារបន្ថែម សម្រាប់អ៊ុយក្រែន

BY Khmerpress July 20, 2023
សហរដ្ឋអាមេរិក ប្រកាសផ្ដល់ជំនួយយោធា ១.៣ពាន់លានដុល្លារបន្ថែម សម្រាប់អ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសផ្ដល់ជំនួយយោធាបន្ថែមទំហំ ១.៣ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន នៅក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី ហើយកញ្ចប់ជំនួយនេះក្នុងនោះរួមមានប្រព័ន្ធការពារដែនអាកាស ដ្រូន និងគ្រាប់រំសេវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក បានគូសបញ្ជាក់ដូច្នេះថា «ការប្រកាសនេះ គឺជាការចាប់ផ្ដើមដំណើរការនៃកិច្ចសន្យាមួយ ដើម្បី ផ្ដល់សមត្ថភាពជាអាទិភាពបន្ថែមដល់អ៊ុយក្រែន»។ មន្ទីរបញ្ចកោណ បានបន្ថែមទៀតថានៅក្នុងកញ្ចប់ជំនួយយោធាខាងលើ រួមមានប្រព័ន្ធមីស៊ីល NASAMS ចំនួន ៤គ្រឿង និងគ្រាប់រំសេវ ព្រមទាំងគ្រាប់កំាភ្លើងធំ ១៥២មីលីម៉ែត្រ ឧបករណ៍ដោះគ្រាប់មីន និងដ្រូន។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បាន និងកំពុងប្រើប្រាស់មូលនិធិ ក្នុងកម្មវិធីផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែន ឬហៅកាត់ថា USAI ដែលអនុញ្ញាតឱ្យរដ្ឋបាលលោក ចូ បៃដិន ទិញអាវុធពីឧស្សាហកម្មអាវុធអាមេរិក ជំនួសឱ្យការដកអាវុធចេញពីឃ្លាំងស្ដុក។ ការប្រកាសផ្ដល់ជំនួយបន្ថែមនេះទៀតសោត កើតមានឡើង បន្ទាប់ពីមានកិច្ចប្រជុំតាមប្រព័ន្ធ វីដេអូមួយនៃក្រុមចម្រុះ Ukraine Defense Contact Group ដែលកំពុងផ្ដល់ជំនួយយោធាដល់ទីក្រុងកៀវ ខណៈកងកម្លាំងអ៊ុយក្រែនកំពុងដឹកនាំប្រតិបត្តិការវាយបកប្រឆាំង នឹងកងកម្លាំងរុស្ស៉ីនៅតំបន់ភាគខាងត្បូង និងភាគខាងកើតនៃប្រទេស៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: