ព័ត៌មានអន្តរជាតិ July 21, 2023

Pacquiao បានមកដល់ប្រទេសថៃ ដើម្បីចូលរួមសន្និសីទសារព័ត៌មានស្ដីពីការប្រកួត ‘The Match of Legends’ ជាមួយ Buakaw នៅដើមឆ្នាំក្រោយ

Khmerpress

ស្ដេចប្រដាល់ហ្វីលីពីន Manny Pacquiao បានជិះយន្តហោះឯកជនរបស់គាត់មកដល់នៅទីក្រុងបាងកក របស់ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ នាម៉ោងប្រហែល ៣រសៀល ដើម្បីចូលរួមសន្និសីទសារព័ត៌មានស្តីពីការប្រកួត ដែលនឹងគ្រោងធ្វើឡើងនៅខែមករា ឆ្នាំក្រោយ ជាមួយនឹងអ្នកប្រដាល់ថៃ Buakaw Banchamek។ កីឡាករហ្វីលីពីន ដែលហៅក្រៅថា PacMan ត្រូវបានទទួលស្វាគមន៍ដោយអ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយនៅអាកាសយានដ្ឋានអន្តរជាតិដនមឿង មុនពេលឆ្ពោះទៅសណ្ឋាគារ។

នាយកប្រតិបត្តិរបស់ Fresh Air Festival លោក Vinij Lertratanachai បានឱ្យដឹងថា លោកកំពុងរៀបចំព្រឹត្តិការណ៍កីឡាដ៏សំខាន់មួយនៅក្នុងប្រទេសថៃ ដែលជាការប្រកួតរវាង Buakaw និង Pacquiao។ លោក Vinij បាននិយាយថា អ្នកប្រដាល់ជើងខ្លាំងទាំង ២ នឹងប្រកួតក្នុង «The Match of Legends» ឬ «The Match 3» ដែលគ្រោងនឹងធ្វើឡើងនៅខែមករា ឆ្នាំ២០២៤ នៅទីក្រុងបាងកក។

ចាប់តាំងពីឆ្នាំ១៩៩៥ លោក Pacquiao ដែលកំពុងមានវ័យ ៤៤ឆ្នាំ បានប្រកួតចំនួន ៧២ដង ដោយឈ្នះ ៦២ដង (ផ្ដួលគូប្រកួតឱ្យសន្លប់ ៣៩ដង) ចាញ់ ៨ដង និងស្មើ ២ដង។ ចំណែក Buakaw ទទួលបានកេរ្តិ៍ឈ្មោះតាមរយៈការឈ្នះការប្រកួតអន្តរជាតិដូចជា៖ ការប្រកួត K-1 World MAX ឆ្នាំ២០០៤ និង២០០៦។ គួរឱ្យដឹងដែរថា លោក Vinij មាន​បទពិសោធន៍ច្រើន​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​កម្រិត​ស្ដង់ដារ ដូចជាការប្រកួតរវាងក្រុម Manchester United និង Liverpool ក្នុង​ទីក្រុង​បាងកក​កាល​ពី​ឆ្នាំ​មុនជាដើម៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត