ព័ត៌មានអន្តរជាតិ July 26, 2023

Toyota បញ្ឈប់បុគ្គលិកខ្ទង់ ១០០០នាក់នៅចិន

Khmerpress

(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ក្រុមហ៊ុន Toyota នៅក្នុងប្រទេសចិនបានឱ្យដឹងថា ខ្លួនបានបញ្ឈប់បុគ្គលិកប្រហែល ១០០០នាក់មុនកិច្ចសន្យាកំណត់ ដែលក្នុងនោះមានបុគ្គលិកខ្លះបានសងជាសំណងតាមច្បាប់ និងខ្លះទៀតបញ្ជូនទៅធ្វើការនៅក្រុមហ៊ុនរបស់ខ្លួនដែលស្ថិននៅតំបន់ផ្សេង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។

Toyota បានបណ្តាក់ទុនរួមគ្នាជាមួយនឹងក្រុមហ៊ុនចិន Guangzhou Automobile Group (GAC) ក្នុងការបង្កើតរោងចក្រផលិតរថតយន្តអគ្គិសនីដ៏ធំមួយក្នុងខេត្តក្វាងចូវ ប្រទេសចិនដែលត្រូវបានគេស្គាល់ក្រុមហ៊ុននោះថា GAC Toyota Factory។ គិតមកទល់ពេលនេះរោងចក្ររបស់ GAC Toyota មានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំបានចំនួន ១លានគ្រឿងទៅលើម៉ូដែល Camry, Levin និង bZ4X និងមានមានបុគ្គលិកសរុបប្រមាណ ១៩,០០០នាក់ដែលសុទ្ធតែជាបុគ្គលិកដែលបានចុះកិច្ចសន្យាពេញសិទ្ធិ។

យ៉ាងណាមិញជុំវិញការផ្លាស់ប្តូររបស់ Toyota ត្រូវបានគេឱ្យដឹងថា កើតឡើងបន្ទាប់ពីក្រុមហ៊ុន Mitsubishi Motors បានលើកឡើងកាលពីដើមខែកក្កដានេះ ថានឹងកាត់បន្ថយចំណាយបុគ្កលិកជាមួយនឹងក្រុមហ៊ុនបណ្តាក់ទុនរួមជាគ្នា GAC ដើម្បីអាចទប់ចំណាយបានខ្លះ ខណៈការលក់កំពុងធ្លាក់ចុះ។ ហេតុផលនេះក៏ Toyota បានលើកឡើងស្រដៀងគ្នាផងដែរចំពោះបញ្ហាធ្លាក់ចុះតម្លៃ និងការលក់ក្នុងប្រទេសចិន។

គួរជម្រាបដែរថា បើទោះបីជា GAC Toyota បញ្ឈប់បុគ្គលិកដល់ខ្ទង់ ១០០០នាក់ក៏ពិតមែន ប៉ុន្តែរបាយការណ៍ចេញផ្សាយចុងក្រោយនេះបានអះអាងថា ក្រុមហ៊ុនទាំងពីរបានសងជាសំណងដល់បុគ្គលិកគិតទៅតាមកិច្ចសន្យាបុគ្គលិកដែលមានកំណត់ក្នុងច្បាប់ និងគិតទៅលើពេលវេលាធ្វើការរបស់ពួកគេ ខណៈដែលបុគ្គលិកមួយចំនួនទៀតដែលជួបបញ្ហាលំបាកក្រុមហ៊ុនបានប្តូរទៅធ្វើការនៅរោងចក្រផ្សេង៕ ផ្តល់សិទ្ធិដោយ៖ freshnews