ច្បាប់ថ្មីរបស់កាណាដាតម្រូវឱ្យក្រុមហ៊ុន Facebook និង Google បង់ប្រាក់ទំនងចូលជាធរមាននៅឆ្នាំ២០២៥ ខាងមុខ
(បរទេស)៖ ថ្មីៗនេះនិយតករអនុវត្តច្បាប់ព័ត៌មានអនឡាញ (Online News Act) របស់ប្រទេសកាណាដា បាននិយាយថា ខ្លួននឹងចាប់ផ្តើមបង្កើតក្របខណ្ឌសម្រាប់កិច្ចចរចារវាងស្ថាប័នព័ត៌មាន និងក្រុមហ៊ុនអ៊ីនធឺណិតយក្សចាប់ពីខែកញ្ញាខាងមុខនេះតទៅ។ ខណៈការប្រកាសបានធ្វើឡើងក្រោយពីមានការតវ៉ាពីប្រជាជនកាណាដាជាច្រើន ជុំវិញការដាក់កម្រិតលើការប្រើប្រាស់ភ្លេតហ្វមព័ត៌មានពីបណ្តាញផ្សព្វផ្សាយ Facebook និង Instagram ក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។
ច្បាប់ព័ត៌មានអនឡាញរបស់ប្រទេសកាណាដា ដែលជាផ្នែកមួយនៃនិន្នាការសកលក្នុងការធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Alphabet ដែលជាមេធំរបស់ Google និង Meta ដែលជាមេធំរបស់ Facebook បង់ប្រាក់សម្រាប់ភ្លេតហ្វមព័ត៌មានរបស់ពួកគេ បានអនុម័តច្បាប់កាលពីអំឡុងខែមិថុនា ប៉ុន្តែនៅមិនទាន់ចូលជាធរមាននៅឡើយនោះទេ។
ក្រុមហ៊ុនទាំងពីរបាននិយាយថាច្បាប់មិនអាចដំណើរការបានសម្រាប់អាជីវកម្មរបស់ពួកគេនោះទេ ខណៈដែរ Meta បានសម្រេចបិទភ្លេតហ្វមព័ត៌មានរបស់ខ្លួនក្នុងប្រទេសកាណដារួចទៅហើយ ដែលវាកំពុងតែជះផលអវិជ្ជមានជាខ្លំាងក្នុងប្រទេសនេះ។ ចំណែកឯ Google វិញក៏មានគម្រោងទប់ស្កាត់ព័ត៌មាននៅក្នុងប្រទេសកាណាដាឱ្យបានមុនពេលច្បាប់ចូលជាធរមានផងដែរ។
យោងតាមរបាយការណ៍ចុងក្រោយនេះ គណៈកម្មការវិទ្យុ-ទូរទស្សន៍ និងទូរគមនាគមន៍កាណាដា (CRTC) ដែលជានិយតករទទួលខុសត្រូវក្នុងការអនុវត្តច្បាប់ព័ត៌មានអនឡាញរបស់កាណាដា បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា នឹងធ្វើការពិគ្រោះយោបល់ជាសាធារណៈទាក់ទងនឹងក្របខណ្ឌសម្រាប់ការចរចាចាប់ពីខែកញ្ញា រហូតដល់ខែវិច្ឆិកា ហើយនឹងចាប់ផ្តើមបើកការចរចាតទល់នៅដើមឆ្នាំ២០២៥៕ ផ្ដល់សិទ្ធិដោយ៖ Freshnews



