សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា មានអ្នកខ្លះចេញមុខរៃអង្គាសជួយពលរដ្ឋខ្មែរនៅអ៊ីស្រាអែលតែគ្មានឃើញលទ្ធផលអ្វីទេ
ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា មានអ្នកខ្លះបានចេញមុខរៃអង្គាសលុយ ដើម្បទិញសំបុត្រយន្តហោះ ជួយពលរដ្ឋខ្មែរនៅអ៊ីស្រាអែល ប៉ុន្តែ១០ថ្ងៃជាងហើយមិនឃើញលទ្ធផលអ្វីនោះទេ។ ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិតចំនួន ១២ ០៦០ នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានស្ថិតនៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការប្រកាសនេះគឺលទ្ធផលមិនឃើញមានសកម្មភាពទិញសំបុត្រយន្តហោះ ទៅដឹកពលរដ្ឋកំពុងធ្វើការ និងនិស្សិតខ្មែរនៅអ៊ីស្រាអែលនោះទេ ។ តែបើក្នុងករណីបុគ្គលម្នាក់នោះត្រូវការរៃអង្គាសទិញសំបុត្រយន្តហោះខ្លួនឯងទៅអាម៉េរិក ឬប្រទេសណាមួយនោះ គឺលឿនរហ័សណាស់ ដូច្នេះបុគ្គលរូបនោះបានតែស្រែកចោលនោះទេ គឺគ្មានប្រយោជន៍អ្វីឡើយ ។ សម្តេចធិបតីបានថ្លែងបញ្ជាក់ថា៖ «អ្នកខ្លះ អ្នកនយោបាយចាស់វស្សា ចេញមកវៃរាជរដ្ឋាភិបាល ហើយមានអ្នកខ្លះអួតណាស់ រករៃអង្គាសលុយ ដើម្បីទិញសំបុត្រយន្តហោះឱ្យនិស្សិតខ្មែរមកវិញ មកដល់ម៉ោងនេះ ១០ថ្ងៃជាងហើយ អត់ឃើញប្រកាសរៃអង្គាសលុយ តែបើគាត់ជិះយន្តហោះទៅអាម៉េរិក បារាំង អូស្ត្រាលី រៃអង្គាសលុយខ្លួនឯងញឹក»។
ក្នុងឱកាសនោះដែរសម្តេចធិបតីនាយករដ្ឋមន្រ្តីបានឱ្យដឹងទៀតថា ក្នុងមួយថ្ងៃសម្តេចបានទទួលព័ត៌មានពីគ្រប់ស្ថាប័នពាក់ព័ន្ធស្ដីពីពលរដ្ឋខ្មែរនៅអ៊ីស្រាអ៊ែលចំនួន៤ដង គឺពួកគេមានសុវត្ថិភាពគ្រប់គ្រាន់ ដោយសាររាជរដ្ឋាភិបាលបានយកចិត្តទុកដាក់គ្រប់ពេល មិនដែលព្រងើយកន្តើយឡើយ។ សម្តេចធិបតីបានបន្ដថា រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈមធ្យោបាយជាយថាហេតុគ្រប់ពេលផងដែរ បើមានករណីណាមួយកើតឡើងនឹងជួយឱ្យទាន់ពេលវេលា។ សម្តេចនាយករដ្ឋមន្ត្រីក៏បានផ្តាំទៅអ្នកចោទប្រកាន់ និងវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា អំពីពលរដ្ឋខ្មែរនៅអ៊ីស្រាអ៊ែលថា ពូកែយកមុខមាត់នោះ សូមបន្តយកមុខទៀតចុះ តែសម្រាប់ពលរដ្ឋខ្មែរនៅអ៊ីស្រាអែលគឺមិនទុកពួកគាត់ចោលទេ ដោយរួមសហការជាមួយគ្នាជានិច្ច។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖ «អ្នកក្រៅប្រទេសពូកែយកគុណសម្បត្តិណាស់ ប៉ុន្តែយកទៀតចុះចង់អ្នកយកយ៉ាងម៉េចយកទៀតទៅ ខ្ញុំមិនឈឺក្បាលទេ អ្វីសំខាន់ប្រជា ពលរដ្ឋខ្ញុំនៅគ្រប់កន្លែងយើងអាចក្តាប់បាន យើងអាចជួយបានតាមលទ្ធភាពយើងជួយបាន ដោយត្រៀមលក្ខណៈទាំងអស់ នេះជាការពិត»៕ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

