Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    លោក គឹម សន្តិភាព៖ ទណ្ឌិតប្រមាណ៦០% នៃចំនួនទណ្ឌិតស្នើសុំសរុប៩០២នាក់ ត្រូវបានគណៈកម្មការជាតិ ពិនិត្យ និងជ្រើសរើសសម្រាប់ការស្នើសុំបន្ធូរបន្ថយទោស ក្នុងឱកាសបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក

    BY Khmerpress November 9, 2023
    លោក គឹម សន្តិភាព៖ ទណ្ឌិតប្រមាណ៦០% នៃចំនួនទណ្ឌិតស្នើសុំសរុប៩០២នាក់ ត្រូវបានគណៈកម្មការជាតិ ពិនិត្យ និងជ្រើសរើសសម្រាប់ការស្នើសុំបន្ធូរបន្ថយទោស ក្នុងឱកាសបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក

    (ភ្នំពេញ)៖ ឆ្លងតាមកិច្ចប្រជុំរយៈពេល២ថ្ងៃ របស់គណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដែលដឹកនាំផ្ទាល់ដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ចប់ការពិនិត្យទាំងស្រុងលើបញ្ជីទណ្ឌិតដែលបានស្នើសុំសរុបចំនួន៩០២នាក់។

    ជាលទ្ធផលទណ្ឌិតប្រមាណ៦០% លើចំនួនទណ្ឌិតស្នើសុំសរុប ៩០២នាក់ ត្រូវបានគណៈកម្មការជាតិបានពិនិត្យ និងជ្រើសរើសសម្រាប់ការស្នើសុំបន្ធូរបន្ថយទោស ដើម្បីគោរពជូនសម្តេចធិបតី ពិនិត្យ និងទូលថ្វាយព្រះមហាក្សត្រ ស្នើសុំព្រះរាជទានផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិត នៅក្នុងឱកាសនៃពិធីបុណ្យឯករាជ្យជាតិ ៩ ខែវិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ។

    នេះបើយោងតាមរបាយការណ៍របស់លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។ ចំពោះសំណើសុំលើកលែងទោសទាំងអស់ គណៈកម្មការជាតិពុំទទួលយកមកពិនិត្យនោះឡើយ លើកលែងតែករណី១គត់ គឺទណ្ឌិតភេទស្រី១រូប នៅពន្ធនាគារខេត្តកំពង់ធំ ដែលជាករណីមនុស្សធម៌ ក្នុងលក្ខខណ្ឌដែលទណ្ឌិតរូបនេះ កំពុងមានជំងឺមហារីកកម្រិតទីបួនតែប៉ុណ្ណោះ។

    ជាមួយគ្នានេះ គណៈកម្មការជាតិក៏ពុំលើកយកមកពិនិត្យពិចារណានោះឡើយ ចំពោះទណ្ឌិតដែលបានប្រព្រឹត្តអំពើដូចខាងក្រោម៖

    ១៖ ចំពោះបទល្មើសទូទៅ
    * ឧក្រិដ្ឋជនគ្រឿងញៀន
    * អំពើសាហាវយង់ឃ្នង
    * ករណីមិនរាងចាល
    * ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិ ឬសហព័ទ្ធ
    * ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការ ឬមន្ត្រីសាធារណៈ
    * ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសម្តងរួចមកហើយ

    ២៖ ចំពោះបទល្មើសរំលោភផ្លូវភេទ
    * ជនរងគ្រោះជាអនីតិជនអាយុក្រោម១៤ឆ្នាំ
    * ជនរងគ្រោះជាជនមានវិបល្លាសស្មារតី ឬពិការ
    * ជនរងគ្រោះជាសាច់សាលោហិត
    * ករណីរំលោភបូក
    * ករណីប៉ុនប៉ង ឬបៀតបៀនកេរ្តិ៍ខ្មាសលើជនរងគ្រោះជាសាច់សាលោហិត ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: