Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខណ្ឌឫស្សីកែវ ដាក់បទបញ្ជាឲ្យចាត់វិធានការតឹងរឹង ចំពោះបែរត្រី ផ្ទះបណ្តែតទឹក ផ្ទះទូក និងសំណង់មិនរៀបរយគ្មានច្បាប់ ដើម្បីសម្រួលផ្លូវនាវាចរ និងប្រព័ន្ធអេកូឡូហ្ស៊ី

    BY Khmerpress April 4, 2024
    អភិបាលខណ្ឌឫស្សីកែវ ដាក់បទបញ្ជាឲ្យចាត់វិធានការតឹងរឹង ចំពោះបែរត្រី ផ្ទះបណ្តែតទឹក ផ្ទះទូក និងសំណង់មិនរៀបរយគ្មានច្បាប់ ដើម្បីសម្រួលផ្លូវនាវាចរ និងប្រព័ន្ធអេកូឡូហ្ស៊ី

    (ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់រដ្ឋបាលសង្កាត់ជាប់ដងទន្លេ ដាច់ខាតត្រូវចុះត្រួតពិនិត្យមានវិធានការ និងចាត់វិធានការតាមនិតិវិធីច្បាប់ជាបន្ទាន់ ដោយគ្មានការយោគយល់ឡើយ នូវរាល់ស្ថានភាពបែរត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ។

    បទបញ្ជារបស់លោក ជិន ប៊ុនធឿន បានដាក់ចេញក្នុងពេលលោកដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដោយផ្ទាល់ ដើម្បីចុះត្រួតពិនិត្យមើលរាល់សកម្មភាព និងស្ថានភាពសំណង់ខុសច្បាប់ បញ្ហារអនាម័យបរិស្ថាន ផ្ទះបណ្តែតទឹក បែរត្រីទាំងឡាយតាមភូមិសាស្ត្រដងទន្លេ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។

    លោកអភិបាលខណ្ឌឫស្សីកែវ បានដាក់បទបញ្ជាបន្ថែមថា សម្រាប់រដ្ឋបាលសង្កាត់ជាប់ដងទន្លេ និងមន្ត្រីជំនាញពាក់ព័ន្ធ ដាច់ខាតត្រូវចាត់ឲ្យមានកងកម្លាំងយាមល្បាតគ្រប់ពេលវេលា និងហាមមិនឲ្យមាន ផ្ទះបណ្តែតទឹកចូលចត និងត្រូវគ្រប់គ្រងស្ថិតិ បែរត្រី ផ្ទះបណ្តែតទឹក ទាំងចាស់ទាំងថ្មីឲ្យបានច្បាស់លាស់ ដើម្បីរៀបចំសណ្តាប់ធ្នាប់តាមដងទន្លេ សម្រួលដល់ផ្លូវនាវាចរ និងប្រព័ន្ធអេកូឡូហ្ស៊ី ជៀសវៀងការខូចខាតធ្ងន់ធ្ងរដល់ជីវចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ ដល់សោភ័ណភាពទីក្រុង និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកក្នុងទន្លេនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: