ស្នងការខេត្តកំពត ឱ្យលោកSantaKH មកកាន់ស្នងការដ្ឋាននៅថ្ងៃស្អែក បន្ទាប់ពីលោកថតរូប គ្មានសីលធម៌ នៅទីតាំងរូបសំណាកត្រីសេះសមុទ្របាញ់ទឹក
ខេត្តកំពត៖ កាលពីពេលថ្មីៗនេះ រូបភាពមួយសន្លឹកកំពុងផ្ទុះការរិះគន់យ៉ាងចាស់ដៃពីមហាជន នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលត្រូវបានគេស្គាល់ថា ជាYoutuber Santa KH អ្នកបង្កើតវីដេអូ Prank ក្នុងបណ្ដាញសង្គម ខណៈដែលរូបលោក បានថតរូបបែបលេងសើច គ្មានសីលធម៌ ឈរបាញ់នោម នៅទីតាំងរូបសំណាក ត្រីសេះសមុទ្របាញ់ទឹក ទីកន្លែងកម្សាន្តក្នុងក្រុងកំពត។
បន្ទាប់ពីបានឃើញរូបភាពមួយសន្លឹក ដែលគ្មានសីលធម៌បែបនេះហើយ នៅថ្ងៃទី២៥ ខែមេសា យោងតាមគណនីហ្វេសប៊ុកផេករបស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត បានប្រកាសអញ្ជើញឱ្យលោក SantaKH ឈ្មោះប្រើប្រាស់ក្នុង Facebook មកស្នងការដ្ឋាននៅវេលាថ្ងៃស្អែក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីពិភាក្សាការងារចាំបាច់មួយចំនួន។
តាមរយៈការបង្ហោះក្នុងគណនីហ្វេសប៊ុកផេករបស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បាននិយាយចំៗទៅកាន់លោក SantaKH យ៉ាងដូច្នេះថា៖ «មុខមាត់ស្អាតបាទ តែគ្មានសីលធម៌ក្នុងខ្លួនលោកឯងគិតថាការថតបែបនេះជាការត្រឹមត្រូវដែរឬទេ? នេះជាទង្វើគ្មានសីលធម៌នឹងជាគំរូអាក្រក់ ហើយគឺនេះជាការម៉ាក់ងាយមកលើការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តខ្ញុំ សូមលោកលុបរូបនេះចេញជាបន្ទាន់» ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត
