ព័ត៌មានជាតិ April 29, 2024

សម្តេចតេជោ ហ៊ុន សែន សម្រេចដកថវិកា១លានដុល្លារ ដែលសប្បុរសជន ចូលរួមវិភាគទានដល់កីឡាបាល់ទាត់សប្បុរសធម៌ យកទៅជួយមន្ទីរពេទ្យកុមារអង្គរ, មជ្ឈមណ្ឌលព្យាបាលកុមារបេះដូង និងគ្រួសារយោធិនពលីក្នុងករណីផ្ទុះគ្រាប់

Khmerpress

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ បានសម្រេចដកថវិកា១លានដុល្លារ ដែលបានមកពីសប្បុរសជននានា ចូលរួមវិភាគទានដល់កីឡាបាល់ទាត់សប្បុរសធម៌ យកទៅឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ, មជ្ឈមណ្ឌលព្យាបាលកុមារបេះដូង និងគ្រួសារយោធិនពលីក្នុងករណីផ្ទុះគ្រាប់។

តាមរយៈបណ្តាញសង្គម សម្តេចតេជោ បានបញ្ជាក់ថា «ដំបូងខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជួយឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ដើម្បីសប្បុរសធម៌ដែលមកដល់ពេលនេះ បានចូលរួមតាមរយៈខ្ញុំមានជាង 4,8លានដុល្លារ (4,800,000$)»។

សម្តេចបានបន្ថែមថា៖ «ដើម្បីជួយដល់កន្លែងដែលជួបការលំបាកដែរនោះ ខ្ញុំសូមដកថវិកាចំនួន១លានដុល្លារ(1,000,000$)ដើម្បីបែងចែកទៅ៖

១៖ មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបចំនួន៥០មុឺនដុល្លារ (500,000$)។
២៖ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនខេត្តកំពង់ស្ពឺ ៣០មុឺនដុល្លារ(300,000$)។
៣៖ គ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់ នៅយោធភូមិភាគ៣ចំនួន២០គ្រួសារ ក្នុងមួយគ្រួសារ១មុឺនដុល្លារ (10,000$)សរុប២០មុឺនដុល្លារ(200,000$)»។

ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឯថវិកាក្រៅពី១លានដុល្លារនេះសម្តេចនឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់៕ ផ្តល់សិទ្ធិដោយ៖ freshnews