សិល្បៈ

សោកស្ដាយណាស់! តារាសម្ដែងគីឡូធ្ងន់ នាយធុង បានទទួលមរណភាពហើយ ដោយរោគាពាធ

BY
Khmerpress
May 1, 2024
សោកស្ដាយណាស់! តារាសម្ដែងគីឡូធ្ងន់ នាយធុង បានទទួលមរណភាពហើយ ដោយរោគាពាធ

(ភ្នំពេញ)៖ តារាសម្ដែងបែបកំប្លែង និងមានមាឌធាត់ធំគីឡូធ្ងន់ជាងតារាសម្ដែងនានា គឺនាយធុង បានទទួលមរណភាពហើយ នៅវេលាទៀបភ្លឺឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ នៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន (ពេទ្យព្រះកុសុមៈ) ដោយរោគាពាធ ក្នុងវ័យប្រមាណ៣២ឆ្នាំ។

តារាសម្ដែង នាយព្រែក ដែលជាមិត្តភក្តិជិតស្និទ្ធនឹងនាយធុង បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅព្រឹកនេះថា កាលពី៣ថ្ងៃមុនលោកទទួលបានដំណឹងថា តារាកំប្លែងនាយធុង បានដួលនៅក្នុងបន្ទប់ទឹក ហើយបាននាំយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ)។ តាំងពីថ្ងៃនោះមក ដោយសារតែលោកជាប់រវល់នឹងការងារ ក៏មិនបានទូរស័ព្ទសួរនាំអ្វីបន្ថែមទៀតឡើយ។

នាយព្រែកបន្តថា រហូតមកដល់ព្រឹកថ្ងៃទី១ ខែឧសភានេះ លោកបានសម្ដែងក្ដីរន្ធត់ និងតក់ស្លុកយ៉ាងខ្លាំង ដោយបានទទួលដំណឹងពីគ្រួសារនាយធុងមកថា នាយធុងបានទទួលមរណភាពទៅហើយ នៅវេលាទៀបភ្លឺ ដែលហាក់លឿនពេក មិនអាចទទួលយកបាន។ លោកក៏មិនច្បាស់ដែរអំពីស្ថានភាពជំងឺរបស់នាយធុង ដែលឈានដល់ការបាត់បង់ជីវិត ប៉ុន្តែគ្រួសារបានបង្ហើបថា អាចជាជំងឺសួតធ្ងន់ធ្ងរ និងជំងឺធាត់ជ្រុល។

ដំណឹងនៃការបាត់បង់តារាកំប្លែងនាយធុង នៅពេលនេះ បានធ្វើឲ្យសិល្បករ-សិល្បការិនី សម្ដែងក្ដីសោកស្ដាយជាពន់ពេក និងបានបាត់បង់អ្នកសិល្បៈបែបកំប្លែង ក្នុងវិស័យសិល្បៈម្នាក់ទៀត ហើយពួកគេបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះគ្រប់ៗគ្នា ដោយបានបង្ហោះសារក្នុងបណ្ដាញសង្គមព្រោងព្រាត។

សូមបញ្ជាក់ថា នៅពេលនេះសពរបស់តារាកំប្លែងនាយធុង កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅក្នុងបរិវេណវត្តសន្សំកុល ស្ថិតនៅក្នុងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ​រាជធានីភ្នំពេញ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: