Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ដ្រីជាន់ខ្ពស់៖ ក្រសួងកសិកម្ម កំពុងព្យាយាមបង្កើតសហគមន៍កសិកម្មទំនើប ដើម្បីប្រមូលផ្ដុំប្រជាកសិករ ដោយផ្តល់ជូនទាំងបច្ចេកទេស និងផលិតឱ្យមានភាពប្រកួតប្រជែងទីផ្សារ

    BY Khmerpress May 3, 2024
    មន្ដ្រីជាន់ខ្ពស់៖ ក្រសួងកសិកម្ម កំពុងព្យាយាមបង្កើតសហគមន៍កសិកម្មទំនើប ដើម្បីប្រមូលផ្ដុំប្រជាកសិករ ដោយផ្តល់ជូនទាំងបច្ចេកទេស និងផលិតឱ្យមានភាពប្រកួតប្រជែងទីផ្សារ

    (ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងថា បច្ចុប្បន្ននេះក្រសួងកសិកម្ម បាននិងកំពុងព្យាយាមបង្កើតសហគមន៍កសិកម្មទំនើប ដើម្បីប្រមូលផ្ដុំប្រជាកសិករ ធ្វើការផ្ទាល់ជាមួយក្រសួង ដើម្បីផ្ដល់ជូនដល់កសិករលើចំណេះដឹងទូទៅ ផ្ដោតខ្លាំងលើការផលិត ផលិតឲ្យមានការប្រកួតប្រជែង ដើម្បីនាំចេញស្រួល និងទូលំទូលាយ។

    ការលើកឡើងរបស់លោក ឃឹម ហ្វីណង់ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលព័ត៌មានទីផ្សារកសិកម្ម លើតម្រូវការដាំដុះ»។

    លោក ឃឹម ហ្វីណង់ បានថ្លែងថា «តួនាទីសំខាន់របស់ក្រសួងកសិកម្ម គឺទាក់ទងនឹងផលិតកម្មនេះឯង ជាក្របខណ្ឌក្រសួង ផ្ដោតខ្លាំងលើការផលិត ផលិតឲ្យបានល្អ ផលិតឲ្យមានការប្រកួតប្រជែង ដើម្បីនាំចេញស្រួល និងទូលំទូលាយ ដូច្នេះសំខាន់ណាស់ដែលត្រូវរក្សាទំនាក់ទំនង ដោយផ្ទាល់ជាមួយបងប្អូនកសិករ ដោយកន្លងមកក្រសួងមាន នាយកដ្ឋានផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ដើម្បីធ្វើកិច្ចការងារនេះ ដើម្បីផលិតជាឯកសារគាំទ្របច្ចេកទេស ផ្ដល់ជូនដល់កសិករពីចំណេះដឹងទូទៅ ការថែទាំជំងឺរាតត្បាតលើដំណាំ ការបង្កើតផលិតភាពកសិកម្មជាដើម»

    លោកបានបន្ដថា សម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ យើងមានគោនយោបាយពង្រាយមន្រ្ដីកសិកម្មឃុំ ទៅកាន់ឃុំទាំង ១៦០០ឃុំទូទាំងប្រទេស ខណៈឆ្នាំកន្លងមកយើងបានរើសមន្រ្ដីបានចំនួន ២៥០នាក់រួមមកហើយ ហើយឆ្នាំនេះត្រូវរើសមន្រ្ដីចំនួន ៨០០នាក់បន្ថែមទៀត ហើយឆ្នាំក្រោយនឹងបង្គ្រប់ឲ្យបានគ្រប់ចំនួន។

    លោកបានបន្ដថា មន្រ្ដីកសិកម្មឃុំនឹងចុះជួយ ដល់ប្រជាពលរដ្ឋគ្រប់ឃុំទាំងអស់ ធ្វើការដោយផ្ទាល់ជាមួយកសិករ, ផ្ដល់ព័ត៌មានដល់កសិករអំពីទីផ្សារ បច្ចេកទេសថ្មីៗ និងពាំនាំព័ត៌មានពីកសិករត្រឡប់មកវិញដូចជា បញ្ហាប្រឈម, ការសំណមពររបស់ប្រជាកសិករ ដើម្បីជាប្រធានបទសន្ទនាផ្ទាល់ពីប្រជាកសិករ និងក្រសួង នេះជាគោនយោបាយសំខាន់ ដើម្បីរុញដល់បងប្អូនប្រជាកសិករ។

    លោកបានបញ្ជាក់ថា ក្រៅពីនោះក្រសួងកសិកម្ម គ្រោងបង្កើតសហគមន៍កសិកម្ម ក្នុងអាណត្តិថ្មីនេះ ដែលជាសហគមន៍ក្ដោបបងប្អូនប្រជាកសិករឲ្យធំ និងសង្ឃឹមថា តាមរយៈសហគមនន៍នេះ ក្រសួងនឹងធ្វើការដោយផ្ទាល់ ជាមួយសហគមន៍៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: