សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកឱ្យមន្ត្រីនគរបាលរ៉ាប់រងក្នុងការរក្សាសន្តិសុខ និងសុវត្ថិភាពសង្គមស្របតាមសភាពការណ៍ពិភពលោក
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤នេះ សភាពការណ៍ពិភពលោកកំពុងតែបន្តវិវត្តប្រែប្រួល ស្មុគស្មាញ ដោយប្រឈម នឹងបញ្ហាវិបត្តិជាច្រើន ដែលមានលក្ខណៈជាសកល និងបានជះឥទ្ធិពលប៉ះពាល់ដល់វិស័យសន្តិសុខ នយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ មនុស្សធម៌ និងសុខភាពសាធារណៈ ដែលក្នុងនោះព្រះរាជាណាចក្រកម្ពុជាក៏ទទួល រងផលប៉ះពាល់ជាសកលនេះផងដែរ។
នេះបើយោងតាមសារលិខិតជូនពរ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧៩ នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា។
សម្តេចធិបតី បានបន្តថា ចំពោះសភាពការណ៍ផ្ទៃក្នុងប្រទេស ទទួលផលពីសុខសន្តិភាពក៏ដោយ ការធានាស្ថិរភាពសន្តិសុខ និងសុវត្ថិភាពសង្គម ដែលជាបរិស្ថានគ្រប់ដណ្តប់ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដែលមន្ត្រីនគរបាលគ្រប់ លំដាប់ថ្នាក់ ត្រូវទទួលរ៉ាប់រងក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ជឿជាក់ចំពោះសមត្ថភាព មនសិកាស្នេហាជាតិ មាតុភូមិ និង ភក្តីភាពរបស់កងកម្លាំងនគរបាលជាតិ និងសម្តែងនូវការពេញចិត្ត បន្តជួយឧបត្ថម្ភ គាំទ្រ ទាំងស្មារតី និងសម្ភារៈដល់កងកម្លាំងនគរបាលជាតិ ឱ្យបានស័ក្តិសមជាកម្លាំងអនុវត្តច្បាប់ប្រកបដោយគុណភាព សមត្ថភាព ប្រសិទ្ធភាព និងមានភាពថ្លៃថ្នូរ៕ ប្រភព៖ ក្រសួងព័ត៌មាន

