ព័ត៌មានអន្តរជាតិ June 6, 2024

Nvidia ទម្លាក់ Apple ដណ្តើមយកតំណែងលេខ២ ក្នុងនាមជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុត លើពិភពលោក

Liny Chan

(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបយក្ស Nvidia បានឈានដល់កំណត់ត្រាខ្ពស់មួយ នៅថ្ងៃពុធសប្តាហ៍នេះ ក្រោយទម្លាក់ Apple និងដណ្តើមយកតំណែងលេខ២ ក្នុងនាមជាក្រុមផលិតបន្ទះឈីបឆ្លាតវៃសិប្បនិម្មិត AI មានតម្លៃបំផុតទីពីររបស់ពិភពលោក ជាមួយតម្លៃលើទីផ្សារ ៣ពាន់ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។

ភាគហ៊ុនរបស់ Nvidia បានកើនឡើង ៥.២% ជាមួយនឹងតម្លៃ ១,២២២.៤០ដុល្លារក្នុងមួយហ៊ុន ដែលធ្វើឲ្យក្រុមហ៊ុននេះមានតម្លៃលើទីផ្សារសរុបចំនួន ៣.០១២ពាន់ពាន់លានដុល្លារ ខណៈតម្លៃរបស់ក្រុមហ៊ុនApple មានចំនួន ៣.០០៣ពាន់ពាន់លានដុល្លារ បន្ទាប់ពីភាគហ៊ុនរបស់ខ្លួនបានកើនឡើង ០.៨% ។ ប្រការនេះ ធ្វើឲ្យ Nvidia ឈរនៅលេខរៀងទី២ និង Apple ធ្លាក់មកនៅលេខរៀងទី៣ ខណៈក្រុមហ៊ុនដែលឈរនៅលេខរៀងកំពូលទី១ គឺ Microsoft ជាមួយតម្លៃលើទីផ្សារ ៣.១៥ពាន់ពាន់លានដុល្លារ បន្ទាប់ពីភាគហ៊ុនរបស់ខ្លួនបានកើនឡើង ១.៩%។

ជុំវិញលទ្ធផលនេះ លោក Jake Dollarhide នាយកប្រតិបត្តិនៃក្រុមហ៊ុន Longbow Asset Management បាននិយាយថា «Nvidia កំពុងរកលុយពីបច្ចេកវិទ្យា AI ឥឡូវនេះ ហើយក្រុមហ៊ុនដូចជា Apple និង Meta កំពុងចំណាយលុយលើ AI»។ ប្រការនេះហើយ ទើបធ្វើឲ្យក្រុមហ៊ុនដែលបង្កើតបន្ទះឈីបសម្រាប់ AI បន្តមានទីផ្សារកាន់តែខ្លាំងឡើង ក្នុងយុគសម័យបច្ចេកវិទ្យានេះ។

គួរជម្រាបថា ភាគហ៊ុនរបស់ Nvidia បានកើនឡើងរហូតដល់ ១៤៧% រហូតមកដល់ឆ្នាំ២០២៤នេះ ជាមួយនឹងតម្រូវការ processors កំពូលរបស់ខ្លួនកើនឡើង ដែលផ្គត់ផ្គង់ទៅក្រុមហ៊ុនយក្សនានាដូចជា Microsoft, Meta និង Alphabet បុត្រសម្ព័ន្ធរបស់ Goolge ជាដើម ដើម្បីបង្កើតសមត្ថភាពកុំព្យូទ័រ AI របស់ពួកគេ និងគ្រប់គ្រងបច្ចេកវិទ្យាដែលកំពុងរីកចម្រើននេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News