ព័ត៌មានអន្តរជាតិ July 6, 2024

Apple បញ្ចូល iPhone X, HomePod និង Air Pods ទៅក្នុងបញ្ជី «ផលិតផលប្រើលែងបាន»

Liny Chan

(បរទេស)៖ នេះមិនមែនជារឿងចម្លែកទេ សម្រាប់អ្នកប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Apple ព្រោះរាល់ឧបករណ៍របស់ក្រុមហ៊ុននេះតែងតែកំណត់ថ្ងៃប្រើលែងបាន ពោលគឺលែងមានការអាប់ដេតបន្ថែម ដែលភាគច្រើនផ្តោតទៅលើផលិតផលបញ្ចេញយូរឆ្នាំមកហើយ។ ជាក់ស្តែងនៅពេលនេះ Apple បានចាត់ថ្នាក់ iPhone X, HomePod ជំនាន់ទីមួយ និង AirPods ជំនាន់ទី១ របស់ខ្លួនជា «ផលិតផលលែងប្រើបាន» (Obsolete Products)។ នេះបើតាមការចេញផ្សាយពីគេហទំព័រ Intrepreneur។

យោងតាមស្ដង់ដារចាត់ថ្នាក់របស់ Apple ផលិតផលត្រូវបានបញ្ឈប់ការផលិតលើសពី៥ឆ្នាំ ឬ តិចជាង ៧ឆ្នាំត្រូវបានចាត់ទុកថា «ផលិតផលលែងប្រើបាន» ខណៈការកំណត់នេះមានន័យថា Apple Store និងអ្នកផ្តល់សេវាដែលមានការអនុញ្ញាតពីក្រុមហ៊ុន នឹងបន្តផ្តល់សេវាកម្មជួសជុលសម្រាប់ផលិតផលទាំងនេះរហូតដល់២ឆ្នាំ ប្រសិនបើវាមានការផ្គត់ផ្គង់គ្រឿងបន្លាស់គ្រប់គ្រាន់។ 

ដូចដែលប្រិយមិត្តបានដឹងហើយថា iPhone X ត្រូវបានក្រុមហ៊ុន Apple ធ្វើការប្រកាសចេញដំបូងក្នុងខែកញ្ញា ឆ្នាំ 2017 និងមានលក់នៅ Apple Store នៅថ្ងៃទី03 ខែវិច្ឆិការ ឆ្នាំដដែល។ ងាកមក HomePod ដែលជា Speaker ដំបូងរបស់ Apple ត្រូវបានក្រុមហ៊ុនប្រកាសចេញដំបូងក្នុងថ្ងៃទី០៥ ខែ មិថុនា ឆ្នាំ២០១៧ និងមានចេញដាក់លក់នៅ Apple Store នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៨។ ជាចុងក្រោយ គឺកាស AirPods ដែលជាការស្តាប់ឥតខ្សែដំបូងរបស់ Apple ដែលត្រូវបានក្រុមហ៊ុនប្រកាសចេញផ្លូវការណ៍នៅថ្ងៃទី៧ ក្នុងខែកញ្ញា ឆ្នាំ ២០១៦ និងបានប្រកាសចេញលក់នៅថ្ងៃទី១៣ ក្នុងខែធ្នូ ឆ្នាំដដែល៕