ព័ត៌មានអន្តរជាតិ July 15, 2024

ក្រុមហ៊ុនមេរបស់ Google កំពុងពិភាក្សាទិញយកក្រុមហ៊ុនជំនាញផ្នែកសុវត្ថិភាពតាមអ៊ីនធឺណេត Wiz ក្នុងតម្លៃ ២៣ពាន់លានដុល្លារ

Liny Chan

(បរទេស)៖ Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google នោះ ត្រូវបានរាយការណ៍មកថា កំពុងស្ថិតនៅក្នុងការពិភាក្សាដ៏មានសារសំខាន់មួយ ដើម្បីទិញយកក្រុមហ៊ុនជំនាញផ្នែកសុវត្ថិភាពអ៊ីនធឺណិត (Cybersecurity) ដែលមានឈ្មោះថា Wiz ក្នុងតម្លៃប្រហែល ២៣ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។

ប្រភពផ្ទៃក្នុងដែលដឹងពីបញ្ហានេះ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា កិច្ចព្រមព្រៀងទិញលក់នេះ ត្រូវបានផ្តល់មូលនិធិភាគច្រើនជាសាច់ប្រាក់ ដែលអាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ។ ក្រុមហ៊ុនជំនាញផ្នែកសុវត្ថិភាពតាមអ៊ីធឺណេត Wiz ត្រូវបានបង្កើតឡើងក្នុងប្រទេសអ៊ីស្រាអែល ហើយឥឡូវនេះមានទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉ក គឺជាក្រុមហ៊ុនមួយដែលមានការចាប់ផ្តើមដំណើរការយ៉ាងរីកចម្រើនបំផុតនៅទូទាំងពិភពលោក ដោយផ្តល់នូវដំណោះស្រាយសុវត្ថិភាពតាមអ៊ីនធឺណិត មានសមត្ថភាពរកឃើញការគំរាមកំហែងទាន់ពេលវេលា និងការឆ្លើយតបដែលដំណើរការដោយបញ្ញាសិប្បនិម្មិតជាដើម។ ប្រសិនបើ Alphabet ឈានទៅមុខមួយជំហានទៀត តាមរយៈកិច្ចព្រមព្រៀងទិញលក់មួយនេះ នឹងធ្វើឲ្យក្រុមហ៊ុននេះក្លាយជាឧទាហរណ៍ដ៏កម្រមួយដល់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដែលព្យាយាមស្វែងរកកិច្ចព្រមព្រៀងបែបនេះ ចំពេលមានការត្រួតពិនិត្យបទប្បញ្ញត្តិកាន់តែខ្លាំងឡើងនៃវិស័យនេះ ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និយតកររបស់សហរដ្ឋអាមេរិក បានបង្ហាញពីការមិនពេញចិត្តចំពោះក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដែលតែងតែទិញយកក្រុមហ៊ុននានាដូចខាងលើនេះ។ ទោះជាយ៉ាងណាក៏ដោយ ជុំវិញព័ត៌មាននេះ ទាំងក្រុមហ៊ុន Alphabet និង Wiz មិនឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

គួរជម្រាបថា Wiz រកចំណូលបានប្រហែល ៣៥០លានដុល្លារក្នុងឆ្នាំ២០២៣។ Wiz ធ្វើការជាមួយក្រុមហ៊ុនផ្តល់សេវាកម្ម Cloud ជាច្រើនដូចជា Microsoft , Amazon និងរាប់ក្រុមហ៊ុនពី Morgan Stanley ទៅ DocuSign ជាដើម។ ជាមួយនឹងបុគ្គលិក៩០០ នាក់នៅទូទាំងសហរដ្ឋអាមេរិក អឺរ៉ុប អាស៊ី និងអ៊ីស្រាអែល Wiz បានធ្លាប់និយាយថា ខ្លួនគ្រោងនឹងបន្ថែមបុគ្គលិកចំនួន៤០០នាក់ នៅទូទាំងពិភពលោកនៅឆ្នាំ២០២៤៕ ផ្ដល់សិទ្ធិដោយ៖ Fresh News