Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ជ្រើសរើសលោក J.D. Vance ជាបេក្ខជនអនុប្រធានាធិបតី

BY Liny Chan July 16, 2024
លោក ដូណាល់ ត្រាំ ជ្រើសរើសលោក J.D. Vance ជាបេក្ខជនអនុប្រធានាធិបតី

(Milwaukee សហរដ្ឋអាមេរិក)៖ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តជ្រើសរើសសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Ohio លោក J.D. Vance ជាបេក្ខជនអនុប្រធានាធិបតីរបស់លោក ខណៈរូបលោកផ្ទាល់ត្រូវបានគណបក្សសាធារណរដ្ឋតែងតាំងជាបេក្ខជនប្រធានាធិបតីជាផ្លូវការរបស់បក្ស ដើម្បី ចូលរួមប្រកួតប្រជែងយកតំណែងប្រធានាធិបតីអាមេរិកជាមួយលោក ចូ បៃដិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រោយក្លាយជាបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សសាធារណរដ្ឋជាផ្លូវការ លោក ត្រាំ ប្រកាសជ្រើសរើសសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Ohio លោក J.D. Vance មានអាយុ ៣៩ឆ្នាំជាបេក្ខជនអនុប្រធានាធិបតីរបស់លោក។ ក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «នៅបន្ទាប់ពីការពិចារណា និងគិតគូយ៉ាងយូរពីទេពកោសល្យរបស់មនុស្សជាច្រើននាក់ ខ្ញុំបានសម្រេចចិត្តថាមនុស្សម្នាក់ដែល ស័ក្តិសមនឹងកាន់តំណែងជាអនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិក នោះគឺសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Ohio លោក J.D. Vance»

ការប្រកាសតែងតាំងលោក ដូណាល់ ត្រាំ ជាបេក្ខជនប្រធានាធិបតីធ្វើឡើងនៅឯសមាជជាតិរបស់គណបក្សសាធារណរដ្ឋដែលកំពុងប្រព្រឹត្តទៅក្នុងទីក្រុង Milwaukee រដ្ឋ Wisconsin ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា។

នៅសមាជបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ មានអាយុ ៧៨ឆ្នាំ ត្រូវបានទទួលស្វាគមន៍ប្រៀបដូចជាវីរបុរសម្នាក់ និងក្លាយជាបេក្ខជនប្រធានាធិបតី តំណាងឱ្យគណបក្សសាធារណរដ្ឋ តែ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរូបលោកបានគេចផុតពីការប៉ុនប៉ងធ្វើឃាត អំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត នៅក្នុងទីក្រុង Butler រដ្ឋ Pennsylvania កាលពីថ្ងៃទី១៣ ខែកក្កដា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: