ព័ត៌មានអន្តរជាតិ July 17, 2024

នាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal លាលែងពីតំណែង តែព្រមដឹកនាំរដ្ឋាភិបាលបណ្ដោះអាសន្នសិន

Liny Chan

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃទី១៦ ខែកក្កដា បានទទួលយកលិខិតលាលែងពីតំណែងរបស់លោកនាយករដ្ឋមន្ត្រី Gabriel Attal ហើយ តែលោក Attal នឹងបន្តកាន់តំណែងជាបណ្ដោះអាសន្នសិន។ នេះបើតាមវិមានប្រធានាធិបតីបារាំង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នយោបាយបារាំងបានធ្លាក់ចូលទៅក្នុងភាពជាប់គាំង ចាប់តាំងពីការបោះឆ្នោតសភាមុនអាណត្តិកាលពីដើមខែកក្កដា ខណៈគណបក្សដែលមានអាសនៈក្នុងរដ្ឋសភាកំពុងព្យាយាម បង្កើតរដ្ឋាភិបាលចម្រុះមួយ ក្នុងបរិបទដែលមិនទាន់ច្បាស់លាស់ថាតើនរណានឹងត្រូវកាន់តំណែងជានាយករដ្ឋមន្ត្រីបារាំងជំនួសលោក Attal។

តាមវិមានប្រធានាធិបតីបារាំងអេលីហ្សេ (Elysee) លោក Attal នឹងបន្តដឹកនាំរដ្ឋាភិបាលជាបណ្ដោះអាសន្នសិន រហូតទាល់តែនាយករដ្ឋមន្ត្រីថ្មីត្រូវបានតែងតាំង។ វិមាន Elysee បានបន្ថែមទៀតថា ដើម្បីអាចបញ្ចប់ភាពជាប់គាំងឱ្យបានឆាប់ វាគឺអាស្រ័យទៅលើក្រុមអ្នកសាធារណរដ្ឋយល់ព្រមធ្វើការជាមួយគ្នាដើម្បីកសាងសាមគ្គីភាព ប៉ុន្តែមិនមាន ការចូលរួមពីក្រុមស្ដាំនិយមជ្រុល និងឆ្វេងនិយមជ្រុលនោះទេ។

គួរបញ្ជាក់ថា លោក Gabriel Attal មានអាយុ ៣៤ឆ្នាំ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីបារាំងកាលពីខែមករា ឆ្នាំ២០២៤ ដែលធ្វើឱ្យរូបលោកក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងម្នាក់ នៅក្នុងប្រវត្តិសាស្ត្ររបស់បារាំង។ មុនក្លាយជានាយករដ្ឋមន្ត្រី លោក Attal ក៏ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News