Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

តុលាការធម្មនុញ្ញថៃ កំណត់យកថ្ងៃទី១៤ ខែសីហា ដើម្បីប្រកាសសាលក្រម សំណុំរឿងចង់ដកតំណែងនាយករដ្ឋមន្រ្តី លោក សេដ្ឋា

BY Liny Chan July 24, 2024
តុលាការធម្មនុញ្ញថៃ កំណត់យកថ្ងៃទី១៤ ខែសីហា ដើម្បីប្រកាសសាលក្រម សំណុំរឿងចង់ដកតំណែងនាយករដ្ឋមន្រ្តី លោក សេដ្ឋា

(បាងកក)៖ តុលាការធម្មនុញ្ញនៃប្រទេសថៃ នឹងចេញសេចក្តីសម្រេចនាខែក្រោយ ជុំវិញសំណុំរឿងមួយដែលអាចនឹងមើលឃើញ នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៉ីន (Srettha Thavisin) ត្រូវបានដកហូតតំណែង ពាក់ព័ន្ធការតែងតាំងរដ្ឋមន្រ្តី ដែលមានប្រវត្តិជាប់ពន្ធនាគារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤។

កាលពីខែឧសភា ឆ្នាំនេះ តុលាការធម្មនុញ្ញថៃ បានទទួលយកសំណើរបស់ អតីតសមាជិកព្រឹទ្ធសភាថៃប្រមាណ៤០រូប ដែលមាន​បំណងចង់ឱ្យពិចារណាដក តំណែងនាយករដ្ឋមន្រ្តី របស់លោក សេដ្ឋា ក្រោមហេតុផលថា ការតែងតាំងលោក Pichit Chuenban ដែល​ធ្លាប់ជាប់ពន្ធនាគាររយៈពេល៦ខែ កាលពីឆ្នាំ២០០៨ ឱ្យកាន់តួនាទីជារដ្ឋមន្រ្តី ក្នុងគណៈរដ្ឋមន្រ្តី របស់លោក សេដ្ឋា គឺជាទង្វើបំពានរដ្ឋធម្មនុញ្ញ។ ក្រោយមក លោក Pichit ដែលជាអតីតមេធាវីម្នាក់ មានទំនាក់ទំនង​ជាមួយអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ក៏បានលាលែងពីតួនាទីវិញ ដើម្បីព្យាយាមការពារ លោក សេដ្ឋា។

គួរបញ្ជាក់ថា យោងតាមសេចក្តីថ្លែងការណ៍របស់តុលាការធម្មនុញ្ញថៃ តុលាការនឹងប្រកាសសាលក្រម សម្រាប់សំណុំរឿងខាងលើ នៅថ្ងៃទី១៤ ខែសីហា។ លោក សេដ្ឋា គឺជាមនុស្សរបស់គណបក្ស Pheu Thai ដែលជារបស់គ្រួសារ ស៉ីណាវ៉ាត់ ហើយបានក្លាយ​ជា នាយករដ្ឋមន្រ្តីនៃប្រទេសថៃ ក្រោយបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយក្រុមគណបក្ស ដែលមានទំនាក់ទំនងនឹងយោធា បន្ទាប់ពីការបោះឆ្នោតសកល កាលពីឆ្នាំ២០២៣៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: