Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីអាមេរិក លោក Obama និងភរិយា គាំទ្រលោកស្រី Kamala Harris ជាបេក្ខជនប្រធានាធិបតី

BY Liny Chan July 27, 2024
អតីតប្រធានាធិបតីអាមេរិក លោក Obama និងភរិយា គាំទ្រលោកស្រី Kamala Harris ជាបេក្ខជនប្រធានាធិបតី

(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក Barack Obama និងភរិយារបស់លោក គឺលោកស្រី Michelle Obama បានផ្ដល់ការគាំទ្រដល់ អនុប្រធានាធិបតី លោកស្រី Kamala Harris ធ្វើជាបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ ដើម្បីប្រកួតប្រជែងជាមួយលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ ក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងវីដេអូមួយចេញផ្សាយកាលពីថ្ងៃសុក្រ ទី២៦ ខែកក្កដា នៅបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរបស់លោក និងភរិយា ជាមួយលោកស្រី Harris លោក Barack Obama បានគូសបញ្ជាក់ដូច្នេះថា «លោកស្រី Michelle ហើយនិងខ្ញុំពិតជាមានមោទនភាពក្នុងការគាំទ្រអ្នក (លោកស្រី Harris) ហើយនឹងធ្វើអ្វីៗ ដែលយើងអាចធ្វើបាន ដើម្បីជួយអ្នកឱ្យទទួលបានជ័យជម្នះក្លាយជាប្រធានាធិបតី»។ ជាការឆ្លើយតបទៅវិញ លោកស្រី Harris បានអរគុណលោក Obama សម្រាប់ការគាំទ្រ។

គួរបញ្ជាក់ថា បើតាមការស្ទាបស្ទង់របស់ទីភ្នាក់ងារសារព័ត៌មាន Associated Press លោកស្រី Harris ទទួលបានការគាំទ្រភាគច្រើនគ្រប់គ្រាន់ពីប្រតិភូ ដើម្បី ឈ្នះការតែងតាំងជាបេក្ខជនប្រធានាធិបតីជាផ្លូវការតំណាងឱ្យគណបក្សប្រជាធិបតេយ្យ នៅឯសមាជជាតិរបស់បក្សដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែសីហា ក្នុងទីក្រុង Chicago៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: