សិស្សកម្ពុជា ដណ្តើមបានពាន ៦ និងមេដាយជាង ៥០គ្រឿង ក្នុងចំណោមសិស្សមកពី ២៦ប្រទេស ចូលរួមប្រកួតប្រជែងកំរិតភាសាអង់គ្លេស នៅសហរដ្ឋអាមេរិក
(ភ្នំពេញ)៖ សិស្សានុសិស្សកម្ពុជាកំពុងតែបានបង្ហាញឱ្យបរទេសស្គាល់ពីប្រទេសកម្ពុជាបានកាន់តែច្បាស់ តាមរយៈការបង្ហាញសមត្ថភាពរបស់ខ្លួនលើឆាកអន្តរជាតិ ជាក់ស្តែងកម្មវិធី Teeneagle Competition ដែលជាការប្រកួតប្រជែងកំរិតភាសាអង់គ្លេស លំដាប់អន្តរជាតិដ៏ធំ ដែលបានធ្វើឡើងនៅសាកលវិទ្យាល័យ Montclair State នៅសហរដ្ឋអាមេរិក ដែលមានកូនសិស្សកម្ពុជា ៣៩នាក់ បានទៅធ្វើការប្រកួតប្រជែង ក្នុងនោះកូនសិស្សពីកម្ពុជា អាចដណ្តើមបានពាន ៦ មេដាយជាង ៥០គ្រឿង លើការប្រកួតប្រជែងមួយនេះក្នុងចំណោមសិស្ស ២៧១រូប មកពី ២៦ប្រទេសទូទាំងសកលលោក។

កម្មវិធីប្រកួតប្រជែងនេះជុំទី១ បានធ្វើក្នុងតំបន់ដែលមានសិស្សចូលរួមប្រឡងតាមរយៈ Online ជាច្រើននាក់មកពីសាលាផ្សេងៗគ្នា ទាំងសាលារដ្ឋ និងសាលាឯកជន ក្រោមការរៀបចំដោយក្រុមហ៊ុន Bright Education Consultant and Travel និងបានសម្របសម្រួល និងបញ្ជូនកូនខ្មែរជាច្រើន ៣៩រូប ទៅចូលរួមប្រកួតប្រជែងភាសាអង់គ្លេស នៅសហរដ្ឋអាមេរិក សម្រាប់រយៈពេល ៧ថ្ងៃ។
លើកឡើងប្រាប់បណ្តាញព័ត័មាន Fresh News នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ នាឱកាសត្រឡប់មកពីធ្វើការប្រកួតប្រជែងជាមួយនឹងការទទួលបានពាន១ មេដាយមាស១ និងមេដាយសំរឹទ្ធ១ យុវតី គា បញ្ញាលីន បានបញ្ជាក់ឱ្យដឹងថា នាងមានអារម្មណ៍រំភើប និងសប្បាយរីករាយ ដែលខ្លួនទទួលបានជោគជ័យលើការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ និងដណ្តើមពាន និងមេដាយត្រឡប់មកកម្ពុជា ដើម្បីជាមុខមាត់របស់គ្រួសារ និងសង្គមជាតិ។
យុវតី គា បញ្ញាលីន បានបន្ថែមថា សម្រាប់ការប្រកួតប្រជែងនៅក្រៅប្រទេសនេះ គឺពិតជាមានផលវិបាក ព្រោះជាក់ស្តែងគ្មានការប្រកួតប្រជែងណាដែលគ្មានផលវិបាកនោះទេ តែទោះយ៉ាងណានៅពេលយើង បានខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានកាន់តែខ្លាំង នោះយើងនឹងអាចប្រឹងប្រែងបញ្ចេញសមត្ថភាព ហើយទទួលបានជោគជ័យជាក់ជាមិនខានឡើយ។
យុវតីរូនេះ បានបន្ថែមថា តាមរយៈភាពជោគជ័យជាបបន្តបន្ទាប់ជាច្រើនឆ្នាំមកនេះ នាងយល់ឃើញថា សមត្ថភាពភាសាអង់គ្លេសរបស់កូនខ្មែរ ពិតជាសមត្ថភាពខ្ពស់ ក្នុងការជួយលើកមុខមាត់របស់ប្រទេសជាតិលើឆាកអន្តរជាតិជាមួយនឹងការដណ្តើមយកមេដាយលើការប្រកួតប្រជែងផ្សេងៗគ្នា។ នាងក៏បានលើកទឹកចិត្តសម្រាប់សិស្សប្អូនជំនាន់ក្រោយៗ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងសមត្ថភាពរបស់ខ្លួន ប្រកបដោយឆន្ទៈ ហើយទៅចូលរួមប្រកួតប្រជែងដើម្បីបញ្ចេញសមត្ថភាពរបស់ខ្លួនផងដែរ។
យុវជន គង់គីម មុន្នីរ័ត្ន បានអះអាងថា រូបគេពិតជាមានមោទនភាព ដែលបានទទួលជោគជ័យលើការប្រកួតប្រជែងនៅក្រៅប្រទេស និងអាចបានជួយលើកមុខមាត់ជូនគ្រួសារ និងសង្គមជាតិទាំងមូល ហើយនេះគឺជាអ្វីដែលរូបគេបានខិតខំប្រឹងប្រែង បើទោះបីជាភាសាអង់គ្លេសជាភាសាទី២ របស់កម្ពុជា ក៏កូនខ្មែរអាចមានសមត្ថភាពខ្លាំងក្នុងការចូលរួមប្រកួតជាមួយកូនបរទេស ដែលយកភាសាអង់គ្លេសជាភាសាទី១ ថែមទាំងទទួលបានជោគជ័យផងដែរ។
ជាមួយគ្នានោះយុវតី ហុង លីហ័ង រៀននៅវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម បានឱ្យដឹងថា នាងពិតជាសប្បាយរីករាយ ដែលខ្លួនអាចទទួលបានជោគជ័យលើការប្រកួតប្រជែងមួយនេះ ហើយសម្រាប់កម្មវិធីប្រកួតប្រជែងដែលបានរៀបចំដោយក្រុមហ៊ុន Bright Education Consultant and Travel ពិតជាកម្មវិធីល្អណាស់ ក្នុងនោះបើសិនជាមានកម្មវិធីនេះលើកក្រោយទៀត នាងនឹងទៅចូលរួមប្រកួតប្រជែងបន្តទៀតផងដែរ។
ជាមួយគ្នានោះម្តាយយុវតី ហុង លីហ័ង ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលកូនស្រីខ្លួនអាចទទួលបានជោគជ័យលើការប្រកួតប្រជែងនៅលើឆាកអន្តរជាតិនេះ និងបានអះអាងថា លទ្ធផលទាំងនេះគឺបានកើតចេញដោយសារតែមានការដឹកនាំរបស់ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលបានផ្តោតសំខាន់លើការអប់រំ ហើយនេះក៏បានកើតចេញពីការប្តេជ្ញាចិត្ត និងឆន្ទៈរបស់កូនស្រី ក្នុងការចង់ចូលប្រឡងលើឆាកអន្តរជាតិ ដើម្បីដណ្តើមយកភាពជោគជ័យសម្រាប់គ្រួសារ និងសង្គមជាតិផងដែរ។
លោក ហាក់ សូហ្វី ប្រធានផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន Bright Education Consultant and Travel បានឱ្យដឹងដែរថា សម្រាប់កម្មវិធី Teeneagle Competition មានកូនសិស្សដែលបានធ្វើការប្រកួតជុំក្នុងស្រុកតាម Online ចំនួនជាង ៦០០នាក់ និងបានធ្វើការជម្រុះជាបន្តបន្ទាប់ ដែលសរុបចុងក្រោយមានកូនសិស្សចំនួន ៣៩រូប បានចេញទោធ្វើការប្រកួតនៅសហរដ្ឋអាមេរិក ដែលជាលទ្ធផលសិស្សានុសិស្សកម្ពុជា ដណ្តើមបានពាន ៦គ្រឿង មេដាយមាស ១៦ មេដាយប្រាក់ ១៣ មេដាយសំរិទ្ធ ១៧ និងមេដាយកិត្តិយស ៧ ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News


























