Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ភាគហ៊ុន CrowdStrike ធ្លាក់ចុះជាង ៨% ខណៈក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ប្តឹងទាមទារសំណង ដោយសារបញ្ហាបច្ចេកវិទ្យាថ្មីៗនេះ

BY Liny Chan July 31, 2024
ភាគហ៊ុន CrowdStrike ធ្លាក់ចុះជាង ៨% ខណៈក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ប្តឹងទាមទារសំណង ដោយសារបញ្ហាបច្ចេកវិទ្យាថ្មីៗនេះ

(បរទេស)៖ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនសន្តិសុខអ៊ីនធឺណេត CrowdStrike ត្រូវបានរាយការណ៍មកថា ធ្លាក់ចុះជាង៨% នៅថ្ងៃអង្គារន៍សប្តាហ៍នេះ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines គ្រោងដាក់ពាក្យប្តឹង​ទាមទារសំណង ជុំវិញបញ្ហាបច្ចេកវិទ្យាដែលបានកើតឡើងនាពេលថ្មីៗនេះ ធ្វើឲ្យគាំងកម្មវិធី Windows នៅជុំវិញពិភពលោក និងធ្វើឲ្យជើងហោះហើរជាច្រើនប្រកាសផ្អាកដំណើរការជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។

បញ្ហាគាំងដោយសារកំហុសបច្ចេកវិទ្យានាពេលថ្មីៗនេះ បាននាំឱ្យមានការលុបចោលជើងហោះហើរច្រើនជាង ២,២០០កាលពីថ្ងៃទី១៩ ខែកក្កដា ហើយក្រុមហ៊ុន Delta បានលុបចោលជើងហោះហើរជាង ៦,០០០ចាប់តាំងពីពេលនោះមក។ កម្មវិធី Falcon Sensor របស់ក្រុមហ៊ុន CrowdStrike បានធ្វើឱ្យ Microsoft Windows គាំង និងបង្ហាញអេក្រង់ផ្ទៃពណ៌ខៀវ ជាសញ្ញានៃការមិនដំណើរការ។ ជុំវិញបញ្ហានេះ ក្រុមហ៊ុន Delta បានជួលក្រុមហ៊ុនច្បាប់មួយ ហើយនឹងស្វែងរកសំណងពីក្រុមហ៊ុន Microsoft។ នេះបើតាម CNBC បានរាយការណ៍កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ ភ្លាមៗក្រោយមានព័ត៌មាននេះ ភាគហ៊ុនរបស់ CrowdStrike ដែលបានកើនឡើងច្រើនជាងទ្វេដងក្នុងឆ្នាំ២០២៣ បានធ្លាក់ចុះជាង២៤% ចាប់តាំងពីបញ្ហាកើតឡើង និងបន្តធ្លាក់ចុះជាង៨% ទៀត នៅថ្ងៃអង្គារ៍សប្តាហ៍នេះ ដែលនាំឱ្យខាតបង់ប្រាក់ជាង២០ពាន់លានដុល្លារ ក្នុងការវាយតម្លៃទីផ្សារ។ ក្នុងនោះអតិថិជនជាច្រើនកំពុងពិចារណាលើការយឺតយ៉ាវ ឬផ្អាកការចំណាយលើ CrowdStrike ហើយរំពឹងថានឹងទទួលបានសំណងសមរម្យ។ នេះបើយោងតាមការស្ទង់មតិដោយ Evercore ISI ។

យ៉ាងណាមិញ ជុំវិញដំណឹងនៃការដាក់ពាក្យប្តឹងពីក្រុមហ៊ុន Delta Air Lines នៅពេលនេះ ទាំងក្រុមហ៊ុន CrowdStrike និង Microsoft មិនទាន់មានការឆ្លើយតបណាមួយឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: