ព័ត៌មានអន្តរជាតិ July 31, 2024

Paris 2024៖ ជប៉ុន នៅតែនាំមុខគេនៃតារាងមេដាយ ខណៈការប្រកួតបន្តរហូតដល់ថ្ងៃទី១១-សីហា

Liny Chan

(ប៉ារីស)៖ ក្រុមកីឡាករ-កីឡាការិនីរបស់ជប៉ុន បន្តឈរនៅទីកំពូលតារាងមេដាយអូឡាំពិក រដូវក្តៅ ឆ្នាំ២០២៤ នាទីក្រុងប៉ារីស ប្រទេសបារាំងដដែល ដ្បិតការប្រកួតនឹងបន្តរហូតដល់ថ្ងៃទី១១ ខែសីហាខាងមុខ។ បើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

គិតត្រឹមថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤ នេះ អត្តពលិកជប៉ុនបានឈ្នះមេដាយមាស ៧គ្រឿងច្រើនជាងគេ ក្នុងចំណោមមេដាយសរុប ១៣គ្រឿង នៅពេលចិនឈរលេខ២ មានមេដាយមាស ៦គ្រឿងស្មើទៅនឹងអូស្រ្តាលី ដែលឈរនៅចំណាត់ថ្នាក់លេខ៣ ជាបណ្តោះអាសន្ន។

ជាការកត់សម្គាល់ផងដែរ ម្ចាស់ផ្ទះបារាំងដែលបានឡើងមកលេខ២ កាលពីថ្ងៃអង្គារម្សិលមិញ បានធ្លាក់មកលេខ៤ វិញ តាមរយៈឈ្នះមេដាយមាស ៥គ្រឿង គ្រាដែលសហរដ្ឋអាមេរិកគូប្រជែងមេដាយជាមួយចិននៅព្រឹត្តិការណ៍អូឡាំពិក ទាំងរដូវក្តៅ និងរងារ បានកំពុងឈរនៅលេខរៀងទី៦ នៅឡើយ ពីការឈ្នះមេដាយសរុប ២៦គ្រឿង។

សូមបញ្ជាក់ផងថា ការប្រកួតប្រជែងមេដាយអូឡាំពិក រដូវក្តៅលើកទី៣៣ ទៅលើ ៣២ប្រកួតកីឡា នឹងបន្តរហូតដល់ថ្ងៃទី១១ ខែសីហា ទើបបញ្ចប់ ស្របពេលកម្ពុជាមាន ២ប្រភេទកីឡាចូលរួមដែរគឺ ហែលទឹក និងអត្តពលកម្ម មានអត្តពលិកសរុប ៣នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News