ព័ត៌មានអន្តរជាតិ August 2, 2024

ហ្វីលីពីន៖ ឆេះអគារនៅតំបន់ Chinatown ក្នុងទីក្រុងម៉ានីល បណ្តាលឱ្យមនុស្ស ១១នាក់ត្រូវបាត់បង់ជីវិត

Liny Chan

(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីនបានឱ្យដឹងថា មនុស្សយ៉ាងហោច១១នាក់បានបាត់បង់ជីវិត នៅថ្ងៃសុក្រនេះ បន្ទាប់ពីអគារស្នាក់នៅនិង​ពាណិជ្ជកម្ម១ខ្នង មានកម្ពស់៥ជាន់ បានរងការឆាបឆេះ ក្នុងតំបន់ Chinatown នៃទីក្រុងម៉ានីល។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤។

គ្រោះអគ្គិភ័យខាងលើ ដែលបានកើតឡើងនៅសង្កាត់ Binodo នៃរដ្ឋធានីរបស់ហ្វីលីពីន ត្រូវបានពន្លត់ទៅវិញរយៈពេលខ្ទង់៣ម៉ោង បន្ទាប់ពីក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ត្រូវបានជូនដំណឹង នាវេលាម៉ោងប្រមាណ ៧៖៣០នាទីព្រឹក។ យ៉ាងណាមិញ មិនមានការបង្ហើប​ពីមូលហេតុដែលបង្កឱ្យមានភ្លើងឆេះនេះ នៅឡើយទេ។

គួរបញ្ជាក់ថា ហ្វីលីពីនមានកំណត់ត្រាមិនសូវល្អប៉ុន្មានទេ ក្នុងការអនុវត្តវិធានការបង្ការគ្រោះអគ្គិភ័យ នៅតាមអគារ លំនៅដ្ឋាន និង​កន្លែងធ្វើការ។ តួយ៉ាង មនុស្ស១៦នាក់ បានស្លាប់ គ្រោះអគ្គិភ័យនៅអគារមួយកន្លែង កាលពីខែសីហា ឆ្នាំ២០២៣។ រីឯកាលពីឆ្នាំ​២០១៧ គ្រោះអគ្គិភ័យនៅផ្សារលក់ទំនិញមួយ ក្នុងទីក្រុង Davao ភាគខាងត្បូងប្រទេស បានផ្តាច់ជីវិតមនុស្ស ៣៨នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News