កម្ពុជាទទួលបានចំណូលជាង ២៧លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស នៅរយៈពេល ៧ខែឆ្នាំនេះ
(ភ្នំពេញ)៖ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជាង ២៧លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤។

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៥៨៤ ៣៧៥នាក់ កើន៣៣.០០% និងទទួលបានចំណូល ២៧ ១៧៧ ៤៣០ដុល្លារអាមេរិក កើនឡើង ៣៣.៧៦% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។
រយៈពេល៧ខែ ឆ្នាំ២០២៤នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ១ ១៦៨ ៧៥០ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។
សូមជម្រាបថា ឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង៧៩ម៉ឺននាក់ ទទួលបានចំណូល៣៧ ១៩៨ ៩៨៨ ដុល្លារអាមេរិក កើនឡើងចំនួន២២២.៦៨ភាគរយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News


