ព័ត៌មានអន្តរជាតិ August 5, 2024

iPhone 17 គ្រប់ម៉ូដែល នឹងបំពាក់កាមេរ៉ាមុខទំហំធំរហូតដល់ ២៤មេហ្គាភិចសែល

Liny Chan

(បរទេស)៖ ដូចទស្សនិកជនបានជ្រាប់ស្រាប់ហើយថា រហូតមកទល់នឹងពេលនេះ iPhone16 មិនទាន់នឹងបញ្ចេញរូបរាងផង ហើយពេលនេះស្រាប់តែមានដំណឹងជាបន្តបន្ទាប់អំពី iPhone17 ដែលនឹងបង្ហាញខ្លួនក្នុងឆ្នាំ២០២៥ខាងមុខ។ បើតាមអ្នកវិភាគល្បីលោក Jeff Pu បានបង្ហើបថា គ្រប់ម៉ូដែលទាំងអស់របស់ iPhone17 នឹងបំពាក់កាមេរ៉ាទំហំធំរហូតដល់ ២៤មេហ្គាភិចសែល។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន GSM Arena។

លោក Pu បានចែករំលែកការយល់ឃើញខាងលើដោយផ្អែកទៅលើ ក្រុមហ៊ុនសិក្សាស្រាវជ្រាវ Investment Bank Haitong ដែលបង្ហាញថា iPhone 17, iPhone 17 Slim, iPhone 17 Pro និង iPhone 17 Pro គឺនឹងមានការបំពាក់នូវកាមេរ៉ាមុខទំហំ 24-Megapixel ហើយនិងមានការប្រើប្រាស់នូវស្រទាប់ផ្លាស់ស្ទិក ៦ស្រទាប់។ មានការលើកឡើងដូចគ្នានេះដែរ ដោយកាលពីខែមករាកន្លងទៅនេះ អ្នកវិភាគ Ming-Chi Kuo ក៏ធ្លាប់បានទម្លាយម្តងរួចមកហើយថា នៅក្នុងចំណោមស្មាតហ្វូនថ្មី iPhone 17 ទាំងអស់ គឺនឹងមានការពង្រីកទំហំកាមេរ៉ាមុខធំដល់ទៅទំហំ 24-Megapixel ឯណោះ។

គួរជម្រាបថា iPhone 17 ត្រូវគេរំពឹងថា នឹងអាចបង្ហាញវត្តមាននៅខែកញ្ញា ឆ្នាំ២០២៥ខាងមុខ។ សម្រាប់ឆ្នាំនេះ ស្មាតហ្វូន iPhone 16 Series ក៏នឹងមានការអាប់ដែតខ្លាំងផងដែរ ជាមួយនឹងបច្ចេកវិទ្យា AI ដែលគេហៅថា Apple Intelligence៕ ផ្ដល់សិទ្ធិដោយ៖ Fresh News