កីឡាហាប់គីដូកម្ពុជា ដណ្ដើមបានមេដាយ ៤០គ្រឿង ពីការបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតជើងឯកពិភពលោក
(ភ្នំពេញ)៖ ក្រុមកីឡាហាប់គីដូកម្ពុជា បានបញ្ចប់បេសកកម្មនៃការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកពិភពលោក (World I.H.F Hapkido Championships) ឆ្នាំ២០២៤ នៅខេត្តនុនថាបុរី ប្រទេសថៃ ដោយភាពជោគជ័យជាមួយការដណ្ដើមបានមេដាយសរុប ៤០គ្រឿង រួមមានមេដាយមាស ១២, ប្រាក់ ១៣ និងសំរឹទ្ធ ១៥គ្រឿង ។

នេះគឺជាលើកដំបូងហើយ ដែលសហព័ន្ធខ្មែរកីឡាហាប់គីដូកម្ពុជា បានបញ្ជូនអត្តពលិករបស់ខ្លួន ចូលរួមការប្រកួតលក្ខណៈអន្ដរជាតិ ហើយជាការប្រកួតជើងឯកពិភពលោកថែមទៀត ក្រោមការដឹកនាំ និងជំរុញរបស់ប្រធានសហព័ន្ធលោកឧកញ៉ា សៅ សេងហាក់ ។ ការប្រកួតមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី០១-០៤ ខែសីហា ឆ្នាំ២០២៤ ដោយមានអត្តពលិក ១២ប្រទេស មកពីគ្រប់ទ្វីបចូលរួម ។
លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធ ធ្លាប់បានបញ្ជាក់មុនចាកចេញពីមាតុភូមិថា បេសកកម្មចូលរួមប្រកួតអន្ដរជាតិលើកដំបូងនេះ កម្ពុជា បានបញ្ជូនកីឡាករ ១១នាក់ និងកីឡាការិនី ៨នាក់ចូលរួម ។ ទោះបីមានឧបសគ្គខ្លះៗ តែថ្នាក់ដឹកនាំសហព័ន្ធ រួមទាំងកីឡាករ-កីឡាការិនី បានសាមគ្គីគ្នាត្រូវតែចូលរួម ក្រោយមានការអញ្ជើញពីម្ចាស់ផ្ទះថៃ ដើម្បីបង្ហាញសមត្ថភាព ក៏ដូចជាវាស់ស្ទង់រវាងក្រុមកីឡាហាប់គីដូកម្ពុជា ជាមួយបណ្ដាប្រទេសខ្លាំងៗ លើពិភពលោក ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News







