ព័ត៌មានជាតិ August 6, 2024

«ស្កាយលែន 7NG វិហារសួរ» បើកឱ្យចូលទស្សនារយៈពេល ៧ថ្ងៃ ដោយមិនគិតលុយ ដើម្បីអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ, ថ្ងៃដំបូង មានប្រជាពលរដ្ឋជាង៨ពាន់នាក់ ចូលទស្សនាសួនកំសាន្ត

Liny Chan

(កណ្តាល)៖ ដើម្បីអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលជាមហាសមិទ្ធផលដ៏ធំធេងរបស់ជាតិកម្ពុជានោះ លោកឧកញ៉ា ស្រី ចាន់ថន បានសម្រេចឲ្យបងប្អូនប្រជាពលរដ្ឋចូលទស្សនានៅ «ស្កាយលែន 7NG វិហារសួរ» របស់លោកចំនួន៧ថ្ងៃ ដោយមិនគិតថ្លៃ។

លោកឧកញ៉ា ស្រី ចាន់ថន បានឲ្យដឹងថា គ្រាន់តែថ្ងៃដំបូងបើកឆាក ទី៥ ខែសីហា ឆ្នាំ២០២៤ មានបងប្អូនប្រជាពលរដ្ឋជាង៨០០០នាក់ បានមកចូលទស្សនាសួនកំសាន្ត ដែលនេះជាការចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់សមិទ្ធផលជា ប្រវត្តិសាស្រ្តរបស់ជាតិមួយនេះ។

សូមបញ្ជាក់ថា គម្រោង «ព្រែកជីកហ្វូណន-តេជោ» គឺជាគំនិតផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ពិធីបើកការដ្ឋានព្រែកជីកដែលមានគុណប្រយោជន៍មហាសាលសម្រាប់ជាតិខ្មែរ ត្រូវបានរៀបចំឡើងនៅចំណុចចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីវេលាម៉ោង៩៖០៩នាទីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

ការដ្ឋាន «ព្រែកជីកហ្វូណន-តេជោ» គឺជាការគាស់រំលើងឡើងវិញនូវព្រែកជីកដែលកម្ពុជា មានក្នុងសម័យហ្វូណន ឬសម័យនគរភ្នំ ជានគរដំបូងរបស់ខ្មែរ និងជាពេលវេលាដែលខ្មែរមានការរីកចម្រើន និងរុងរឿងបំផុត។ ជាភ័ព្វសំណាងសម្រាប់ជាតិកម្ពុជាក្រោមមាគ៌ាដ៏អស្ចារ្យ និងមគ្គទេសក៍ដ៏ឆ្នើមនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យកម្ពុជាស្គាល់ការរួបរួម និងសុខសន្តិភាពជាថ្មី បានផ្តល់ឱកាសឲ្យកម្ពុជាមានឱកាសគាស់រំលើង ឡើងវិញ នូវបណ្តាញផ្លូវទឹកដ៏សំខាន់របស់អាណាចក្រខ្មែរឡើងក្រោយកប់បាត់ជិត២ពាន់ឆ្នាំ។

«ព្រែកជីកហ្វូណន-តេជោ» នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News