ព័ត៌មានអន្តរជាតិ August 6, 2024

បង់ក្លាដែស៖ ក្រុមបាតុករចង់ឱ្យ ម្ចាស់ពានរង្វាន់ណូបែល លោក Muhammad Yunus ដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន

Liny Chan

(ដាក្កា)៖ ក្រុមបាតុករនៅប្រទេសបង់ក្លាដែស នាថ្ងៃអង្គារនេះ បាននិយាយថា ពួកគេនឹងជំរុញឱ្យម្ចាស់ពានរង្វាន់ណូបែល លោក Muhammad Yunus ក្លាយជាអ្នកដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន បន្ទាប់ពីនាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina បានលាលែងពីតំណែង និងរត់ភៀសខ្លួនចេញពីប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤។

លោក Yunus វ័យ៨៤ឆ្នាំ គឺជាសេដ្ឋវិទូម្នាក់ ដែលទទួលបានការស្ញប់ស្ញែងខ្ពស់។ រូបលោកទទួលបាន ពានរង្វាន់ណូបែលសន្តិភាព កាលពីឆ្នាំ២០០៦ សម្រាប់ការបង្កើតធនាគារមីក្រូហិរញ្ញវត្ថុ ដែលបានចូលរួមចំណែកជួយលើកកម្ពស់ មនុស្សរាប់លាននាក់ចេញផុតពី​ភាពក្រីក្រ។ លោកត្រូវបានគេចាត់ទុកជា ស្ថាបនិកនៃមីក្រូហិរញ្ញវត្ថុ និងមីក្រូឥណទាន។

ប្រមុខកងទ័ពបង់ក្លាដែស លោក Waker-Uz-Zaman បាននិយាយថា យោធានឹងបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ ហើយ​លោកនឹងត្រូវជួបជាមួយក្រុមមេដឹកនាំបាតុករ នៅថ្ងៃអង្គារនេះ។ កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ ជំនួយការជំនិតម្នាក់របស់លោក បានបង្ហើបឱ្យដឹងថា លោក Yunus មិនទាន់ទទួលបានសំណើ​ណាមួយពីយោធានៅឡើយទេ ដើម្បីដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន។

គួរបញ្ជាក់ថា លោកស្រី Hasina វ័យ៧៦ឆ្នាំ បានកាន់អំណាចជាប់រហូត តាំងតែពីឆ្នាំ២០០៩ និងទើបតែបានបន្តជាប់ឆ្នោតជាថ្មី កាលពីខែមករា ដើមឆ្នាំនេះ ប៉ុន្តែការបោះឆ្នោតនោះ ត្រូវបានធ្វើពហិការដោយបក្សប្រឆាំង និងរងការចោទប្រកាន់ថា មិនមាន​ភាពយុត្តិធម៌។ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បាតុកម្មនិងអំពើហិង្សាបានផ្ទុះឡើង ដើម្បីទាមទារឱ្យលោកស្រី ចុះចេញពីតំណែង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News