ព័ត៌មានជាតិ
អាជ្ញាធរស្រុកខ្សាច់កណ្ដាល វាយកម្ទេចសំណង់រឹងមាំមួយកន្លែង ដែលរំលោភចំណីព្រែក តាមបញ្ជាអភិបាលខេត្តកណ្ដាល
BY Liny Chan
August 8, 2024
(កណ្ដាល)៖ ដោយមានការបញ្ជាផ្ទាល់ពីលោក គួច ចំរើន អភិបាលខេត្តកណ្ដាល, លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាល នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈបញ្ជាការឯកភាពស្រុក និងអាជ្ញាធរឃុំ ភូមិ វាយកំទេចរបង់ និងកាយដី ដែលបានសាងសង់ និងចាក់រំលោភព្រែកខុសច្បាប់ ដែលមានទីតាំងស្ថិតនៅភូមិក្រូចសើច ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

លោកអភិបាលស្រុក បានថ្លែងថា ម្ចាស់ទីតាំងនេះ មិនសហការជាមួយអាជ្ញាធរឡើយ រឹងរូស និងមិនអនុវត្តតាមសេចក្តីជូនដំណឹង និងការហាមឃាត់ជាច្រើនលើកច្រើនសាររបស់អាជ្ញាធរ ទើបអាជ្ញាធរសម្រេចចិត្ត វាយកម្ទេចចោលតែម្ដង។
លោកសង្កត់ធ្ងន់ថា នឹងមិនបណ្ដែតបណ្ដោយ ឲ្យជនណាអាចមករំលោភបំពានលើដីរដ្ឋបានជាដាច់ខាត ដោយអនុវត្តន៍ប្រកបដោយតម្លាភាព ហើយបើសិននៅរឹងទទឹងនោះ អាជ្ញាធរនឹងសម្រេចវិធានការក្ដៅតែម្ដង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News






