ព័ត៌មានអន្តរជាតិ August 9, 2024

លោក ដូណាល់ ត្រាំ ថានឹងមានការផ្ទេរអំណាចដោយសន្តិវិធី ប្រសិនបើការបោះឆ្នោតមានភាពយុត្តិធម៌

Liny Chan

(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយថានឹងមានការផ្ទេរអំណាចដោយសន្តិវិធី នៅបន្ទាប់ពី ការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។ ប៉ុន្តែលោក ត្រាំ នៅតែបន្តបន្សល់ទុកការសង្ស័យជាមួយការចោទសួរថាតើការបោះឆ្នោត នឹងមានភាពយុត្តិធម៌ ឬក៏អត់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ខាងលើនៅឯសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ជាការពិតណាស់ វានឹងមានការផ្ទេរអំណាចដោយសន្តិវិធី…ហើយខ្ញុំគ្រាន់តែសង្ឃឹមថាយើងនឹងមានការបោះឆ្នោតដោយយុត្តិធម៌»

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ត្រាំ ធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បាននិយាយកាលពីថ្ងៃពុធថា លោកមិនមានភាពជឿជាក់ ទាល់តែសោះថា ការផ្ទេរអំណាចឱ្យទៅលោកស្រី Kamala Harris នឹងអាចប្រព្រឹត្តទៅដោយគ្មានភាពចម្រូងចម្រាស ប្រសិនបើលោក ដូណាល់ ត្រាំ ចាញ់ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នាខែវិច្ឆិកាខាងមុខ។

លោក បៃដិន ធ្លាប់បានលើកឡើងជារឿយៗអំពីការណ៍ដែលក្រុមអ្នកគាំទ្ររបស់លោក ត្រាំ បានសម្រុកចូលលុកលុយវិមានសភាអាមេរិក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ពោលគឺប្រមាណ២សប្តាហ៍ មុនការស្បថចូលកាន់តំណែងរបស់លោក បៃដិន បន្ទាប់ពីលោក បៃដិន បានផ្តួលលោក ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២០។ នាពេលនោះ លោក ត្រាំ បានអះអាងថា ការបោះឆ្នោតមិនមានភាពយុត្តិធម៌ឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

U.S. President Donald Trump speaks to reporters during a news conference in the Brady Press Briefing Room at the White House in Washington, U.S., September 23, 2020. REUTERS/Tom Brenner