Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលរាជធានីភ្នំពេញ ដឹកនាំក្រុមការងារចុះបូមទឹក និងបាញ់ទឹកលាងសម្អាតតាមដងផ្លូវទាំងយប់

    BY Liny Chan August 9, 2024
    អភិបាលរាជធានីភ្នំពេញ ដឹកនាំក្រុមការងារចុះបូមទឹក និងបាញ់ទឹកលាងសម្អាតតាមដងផ្លូវទាំងយប់

    (ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរាត្រីថ្ងៃ៨ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីអាជ្ញាធរខណ្ឌ និងមន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹកភ្លៀងទាំងយប់ ក្រោយភ្លៀងបានធ្លាក់ខ្លាំង និងជាច្រើនម៉ោង ដែលបានធ្វើឱ្យតំបន់មួយចំនួននៅរាជធានីភ្នំពេញទទួលរងនៅការលិចលង់។

    ក្នុងសកម្មភាពចុះពិនិត្យស្ថានភាពទឹកភ្លៀង នៅម្តុំមជ្ឈមណ្ឌលម៉ូងឌីយ៉ាល់ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលជាតំបន់ដែលទទួលរងការលិចលង់ខ្លាំង លោក ឃួង ស្រេង បានណែនាំឱ្យក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះបំពេញការងារនេះទាំងយប់ផងដែរ ពោលគឺក្រោយពីកាយសំរាមចេញពីមាត់លូ ដើម្បីឱ្យទឹកហូរស្រកអស់ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវលាងសម្អាតផ្លូវតែម្តង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

    ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះសុខទុក្ខប្រជាពលរដ្ឋ ក៏ជាសុខទុក្ខរបស់សម្ដេចដែរ ហើយសម្ដេចបានណែនាំឱ្យលោកអភិបាលរាជធានីភ្នំពេញ ត្រូវតែយកចិត្តទុកដាក់សុខទុក្ខរបស់ប្រជាពលរដ្ឋ និងក្ដីកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ដោយសារប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវខាងលើនេះរាល់ថ្ងៃ។

    បើតាមការឱ្យដឹងពីលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា នៅយប់ថ្ងៃទី៨ សីហា ម្សិលម៉ិញនេះ មេឃបានភ្លៀងយ៉ាងខ្លាំង និងមានរយៈពេលពី៣ទៅ៤ម៉ោង តាមតំបន់ដែលធ្វើឱ្យកម្រិតទឹកភ្លៀងឡើងដល់១៤១មីលីម៉ែត្រ បានធ្វើឱ្យតំបន់មួយចំនួននៅរាជធានីភ្នំពេញ ទទួលរងនៅការលិចលង់ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក្រោមការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកបានដឹកនាំអាជ្ញាធរ មន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពទឹកភ្លៀងទាំងយប់ដល់កន្លែង និងបានណែនាំឱ្យក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បញ្ចេញរថយន្តបូមទឹក ដើម្បីធ្វើសកម្មភាពបូម និងកាយសំរាមចេញពីមុខលូទាំងយប់ផងដែរ ជាពិសេសនៅចំណុចផ្លូវលេខ២៣០ ផ្លូវ៣៣៦ ម៉ុងឌីយ៉ាល់លើមហាវិថីម៉ៅសេទង់ ក្នុងខណ្ឌទួលគោក។

    លោក ឃួង ស្រេង ធ្លាប់បានអំពាវនាវជាច្រើនលើកច្រើនសាររួចមកហើយ អោយប្រជាពលរដ្ឋ វេចខ្ចប់ ទុកដាក់ និង បញ្ចេញសំរាម សំណល់រឹង អោយបានត្រឹមត្រូវ កុំអោយសំរាមចូលក្នុងមាត់លូ បើមាត់លូ កកស្ទះទៅដោយសំរាមនោះ នៅពេលភ្លៀងធ្លាក់ម្តងៗ វានិងទទួលរងការលិចលង់ហើយជៀសមិនរួចទេ។

    គួរបញ្ជាក់ថា ក្រោយពីកាយសំរាមចេញពីមាត់លូ នៅម្តុំមជ្ឈមណ្ឌលម៉ូងឌីយ៉ាល់ ក្នុងមូលដ្ឋានខណ្ឌទួលគោក មិនបានប៉ុន្មានម៉ោងទេ ទឹកក៏បានហូរស្រកអស់ ហើយក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏បានប្រើរថយន្តបាញ់លាងសំអាតផ្លូវទាំងយប់តែម្តង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: