Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ប្រកាសបញ្ជូនប្រព័ន្ធមីស៊ីល Stinger និងគ្រាប់កំាភ្លើងធំឱ្យអ៊ុយក្រែន ក្រោមកញ្ចប់ជំនួយថ្មី ១២៥លានដុល្លារ

BY Liny Chan August 10, 2024
សហរដ្ឋអាមេរិក ប្រកាសបញ្ជូនប្រព័ន្ធមីស៊ីល Stinger និងគ្រាប់កំាភ្លើងធំឱ្យអ៊ុយក្រែន ក្រោមកញ្ចប់ជំនួយថ្មី ១២៥លានដុល្លារ

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី៩ ខែសីហា បានប្រកាសផ្ដល់ជំនួយយោធាបន្ថែមទំហំ ១២៥លានដុល្លារ សម្រាប់អ៊ុយក្រែន ហើយដែលនៅក្រោម កញ្ចប់ជំនួយនេះក៏មានផងដែរនូវប្រព័ន្ធមីស៊ីលពាក់លើស្មា Stinger។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយថា ជំនួយយោធាថ្មីនេះគឺជាកញ្ចប់ជំនួយយោធាទី១០ ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន បានចុះហត្ថលេខាលើកញ្ចប់ជំនួយយោធាបន្ថែមសម្រាប់អ៊ុយក្រែន កាលពីខែមេសាមក។

កញ្ចប់ជំនួយយោធាថ្មីខាងលើនឹងត្រូវដកចេញពីឃ្លាំងអាវុធអាមេរិក ហើយក្នុងចំណោមអាវុធដែលនឹងត្រូវបញ្ជូនឱ្យអ៊ុយក្រែន រួមមានប្រព័ន្ធមីស៊ីលពាក់លើស្មា Stinger គ្រាប់កំាភ្លើងធំ ១៥៥មីលីម៉ែត្រ និង១០៥មីលីម៉ែត្រ ព្រមទាំងគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធមីស៊ីល HIMARS ជាដើម។ កញ្ចប់ជំនួយយោធានេះដែរនឹងធ្វើឱ្យជំនួយយោធា ដែលសហរដ្ឋអាមេរិក បញ្ជូនទៅឱ្យអ៊ុយក្រែន កើនដល់ ៥៥.៦ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំ២០២២មក៕ ផ្ដល់សិទ្ធិដោយ​៖ Fresh News

Share This Post: