Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលបណ្តោះអាសន្នបង់ក្លាដែស ថាគ្មានផែនការដាក់បម្រាមលើ គណបក្សរបស់អតីតនាយករដ្ឋមន្រ្តី Hasina នោះទេ

BY Liny Chan August 12, 2024
រដ្ឋាភិបាលបណ្តោះអាសន្នបង់ក្លាដែស ថាគ្មានផែនការដាក់បម្រាមលើ គណបក្សរបស់អតីតនាយករដ្ឋមន្រ្តី Hasina នោះទេ

(ដាក្កា)៖ នៅថ្ងៃចន្ទនេះ រដ្ឋមន្រ្តីមហាផ្ទៃថ្មីរបស់បង់ក្លាដែស បាននិយាយថា រដ្ឋាភិបាលបណ្តោះអាសន្ន ដែលកំពុងដឹកនាំប្រទេស មិនមានចេតនាដាក់បម្រាមន​យោបាយ លើគណបក្ស Awami League របស់អតីតនាយករដ្ឋមន្រ្តី Sheikh Hasina ឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤។

ថ្លែងពាក់ព័ន្ធសេចក្តីរាយការណ៍ព័ត៌មាន ស្តីពីលទ្ធភាពនៃការដាក់បម្រាមលើ គណបក្សនយោបាយរបស់លោកស្រី Hasina លោក Sakhawat Hossain រដ្ឋមន្រ្តីមហាផ្ទៃបង់ក្លាដែសថ្មី បានលើកឡើងដូច្នេះថា «គណបក្ស Awami League បានផ្តល់ការចូលរួមចំណែកច្រើន ក្នុងការកសាងប្រទេស… យើងមិនបដិសេធចំពោះចំណុចនេះឡើយ។ នៅពេលការបោះឆ្នោត មកដល់ ពួកគេគួរតែចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត»។

លោកស្រី Hasina បានលាលែងពីតំណែង និងរត់ភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា កាលពីថ្ងៃទី៥ ខែសីហា បន្ទាប់ពីបាតុកម្ម បានផ្ទុះឡើងយ៉ាងកក្រើក ប្រឆាំងការដឹកនាំរបស់លោកស្រី។ លោកស្រី បានកាន់អំណាចជាប់រហូត ចាប់តាំងតែពីឆ្នាំ២០០៩ ហើយទើបតែបានជាប់ឆ្នោតសាជាថ្មី កាលពីខែមករា ដើមឆ្នាំនេះ ក្នុងការបោះឆ្នោត ដែលត្រូវបានបក្សប្រឆាំងធ្វើពហិកា។

គួរបញ្ជាក់ថា បើតាមលោក Muhammad Yunus ដែលជាមេដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន គឺលោកចង់រៀបចំឱ្យមាន ​ការបោះឆ្នោតសកលថ្មី ក្នុងពេលត្រឹមប៉ុន្មានខែខាងមុខ។ កូនប្រុសលោកស្រី Hasina បានអះអាងថា លោកស្រីមានផែនការ វិលត្រឡប់ពីឥណ្ឌា ចូលមកបង់ក្លាដែសវិញ នៅពេលបោះឆ្នោតត្រូវបានប្រកាស។ យ៉ាងណាក្តី មេដឹកនាំចលនាបាតុកម្ម បាននិយាយថា ពួកគេចង់ឱ្យលោកស្រី ប្រឈមមុខការកាត់ទោសតាមផ្លូវច្បាប់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: