Foxconn កំពុងជួលបុគ្គលិកថ្មីខ្ទង់ ៥ម៉ឺននាក់បន្ថែមទៀតក្នុងប្រទេសចិន ដើម្បីជំរុញការផលិត iPhone 16
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានប្រភពជាច្រើនឱ្យដឹងថា ទំនងជានឹងបង្ហាញត្រកូល iPhone 16 នៅខែកញ្ញា ហើយតាមសេចក្តីរាយការណ៍បានកំណត់គោលដៅនាំចេញសរុបចំនួន ៩០លានគ្រឿង។ ថ្មីៗនេះប្រភពពីសារព័ត៌មាន BusinessKorea បានរាយការណ៍ថា ដើម្បីសម្រេចបានគោលដៅផលិតកម្ម ក្រុមហ៊ុនផ្គត់ផ្គង់ iPhone ដ៏ធំ Foxconn បានជួលបុគ្គលិកថ្មីបន្ថែមទៀតចំនួន ៥០,០០០នាក់ឯណោះនៅរោងចក្រ Zhengzhou របស់ខ្លួនក្នុងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។

រោងចក្រ Zhengzhou ដែលជារឿយៗត្រូវបានគេហៅថា «iPhone City» ដើរតួយ៉ាងសំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple ដោយទទួលខុសត្រូវក្នុងការប្រមូលផ្តុំ iPhone ប្រមាណ ៨០ភាគរយនៅទូទាំងពិភពលោក។ ប្រកាសនេះ ត្រូវបានចាប់ផ្តើមនៅចុងខែកក្កដា ស្របពេលជាមួយនឹងរដូវកាលផលិតកម្មកំពូល ដែលជាធម្មតាដំណើរការពីខែសីហា ដល់ខែធ្នូ។ ដើម្បីទាក់ទាញបុគ្គលិកថ្មី Foxconn បានដំឡើងប្រាក់ឈ្នួលមួយម៉ោងរបស់ខ្លួនដល់ 25យ៉ន់ (ប្រហែល ៣.៤៩ដុល្លារ) និងបង្កើនប្រាក់លើកទឹកចិត្ត ឬប្រាក់ខែពី ៨៣៥ដុល្លារ ដល់ ១,០៤៤ដុល្លារ។
គួរជម្រាបដែរថា ថ្មីៗនេះ ក្រុមហ៊ុនផ្គត់ផ្គង់ចំនួនពីររបស់ Apple គឺ Samsung និង LG ក៏បានចាប់ផ្តើមផលិតកម្មទ្រង់ទ្រាយធំនៃអក្រង់របស់ iPhone 16 ផងដែរ។ របាយការណ៍បានគូសបញ្ជាក់ថា Apple បានបញ្ជាទិញបន្ទះអេក្រង់ចំនួន ៨០លានបន្ទះពី Samsung និង ៤៣លានបន្ទះពី LG សរុបចំនួន iPhone 16 របស់ Apple អាចកើនដល់ ១២០លានគ្រឿងឯណោះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News









