Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ចិនគ្រោងដាក់ចេញច្បាប់ ដើម្បីឱ្យការចុះឈ្មោះរៀបអាពាហ៍ពិពាហ៍កាន់តែងាយស្រួល និងពិបាកលែងលះ

BY Liny Chan August 15, 2024
ចិនគ្រោងដាក់ចេញច្បាប់ ដើម្បីឱ្យការចុះឈ្មោះរៀបអាពាហ៍ពិពាហ៍កាន់តែងាយស្រួល និងពិបាកលែងលះ

(ប៉េកាំង)៖ ប្រទេសចិន បាននិងកំពុងរៀបចំដាក់បញ្ចូលគ្នា នូវសេចក្តីព្រាងច្បាប់ដែលបានកែប្រែរួច ដើម្បីធ្វើឱ្យកាន់តែមាន ភាពងាយស្រួល សម្រាប់គូស្នេហ៍ក្នុងការចុះឈ្មោះរៀបអាពាហ៍ពិពាហ៍ ជាមួយនិងការលំបាកក្នុងការដាក់ពាក្យសុំលែងលះ ខណៈដែលផែនការនេះ បានរងនូវការិះគន់ពីក្រុមអ្នកលេងបណ្តាញសង្គម ហើយក្លាយទៅជាប្រធានបទល្បីលើអ៉ីនធឺណិត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ ២០២៤។

សេចក្តីព្រាងច្បាប់នោះ មានគោលបំណងកសាង «សង្គមគ្រួសាររីករាយ» និងត្រូវបានចេញដោយក្រសួងកិច្ចការស៉ីវិលចិន ក្នុងសប្តាហ៍នេះ សម្រាប់ស្ទង់មតិសាធារណៈ ហើយពលរដ្ឋ​អាច​ដាក់មតិយោបល់​ទៅ​ក្រសួង ​រហូត​ដល់​ថ្ងៃ​ទី​១១ ខែ​កញ្ញា។ ច្បាប់ដែលបានស្នើឡើងថ្មីនេះ នឹងដកចេញការរឹតត្បិតមួយចំនួនពីច្បាប់ចាស់ ដែលតម្រូវឱ្យការចុះអាពាហ៍ពិពាហ៍ ចាំបាច់ត្រូវតែ​ធ្វើឡើងនៅកន្លែងចុះបញ្ជីស្នាក់នៅរបស់គូស្នេហ៍។ ដោយឡែក ការលែងលះ នឹងត្រូវដាក់ឱ្យស្ថិតក្រោមរយៈពេលអន្តរកាល ៣០ថ្ងៃ ដែលអំឡុងពេលនោះ បើភាគីណាមួយមិនព្រមលែងលះ ពួកគេអាចដកពាក្យវិញ រួចឈានដល់បញ្ចប់ការសុំលែងលះតែម្តង។

គួរបញ្ជាក់ថា វិធានការថ្មីនេះ ធ្វើឡើងខណៈដែលក្រុមអ្នកបង្កើតគោលនយោបាយចិន ព្យាយាមជំរុញឱ្យគូស្នេហ៍វ័យក្មេងៗ រៀបអាពាហ៍ពិពាហ៍ និងមានកូន បន្ទាប់ពីចំនួនប្រជាជនចិន បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: