ព័ត៌មានជាតិ August 17, 2024

ប្រធានសហព័ន្ធ ចង់ឃើញទង់ជាតិ និងភ្លេងជាតិខ្មែរបន្លឺឡើងជាថ្មី ក្នុងការប្រកួតតេក្វាន់ដូ ITF ជើងឯកអាស៊ី ដ្បិតមានក្រុមខ្លាំងៗចូលរួមក្ដី

Liny Chan

(ភ្នំពេញ)៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ ITF កម្ពុជា បង្ហាញថា លោកចង់ឃើញទង់ជាតិខ្មែរបង្ហោះឡើង និងភ្លេងជាតិខ្មែរបន្លឺឡើងម្ដងទៀត នៅក្នុងការប្រកួតជើងឯកអាស៊ី នៅប្រទេសឥណ្ឌានាសប្ដាហ៍ក្រោយ ទោះបីលោកដឹងថា ការប្រកួតឆ្នាំនេះ មានក្រុមខ្លាំងៗមួយចំនួនចូលរួមប្រកួតប្រជែងក៏ដោយ។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី១០ នៅប្រទេសឥណ្ឌា ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩-២៥ ខែសីហាខាងមុខ នៅទីក្រុង Bengaluru ប្រទេសឥណ្ឌា និងពិធីប្រគល់វិញ្ញាបនបត្រដាន់អន្ដរជាតិ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោក កែវ រ៉េមី បន្ដថា ការប្រកួតឆ្នាំនេះមានអត្តពលិកប្រមាណ ៣៥ប្រទេសចូលរួម ហើយមានកីឡាករមកពីប្រទេសខ្លាំងៗមួយចំនួនបានចូលរួម ពិសេសម្ចាស់ក្បាច់គុនដើម កូរ៉េខាងជើង ក៏ដូចជាប្រទេសកាហ្សាក់ស្ថានជាដើម។ បែបនេះក្ដី លោកនៅតែជឿជាក់ និងបានជំរុញឲ្យកីឡាករ-កីឡាការិនីកម្ពុជាទាំងអស់ ត្រូវខិតខំប្រឹងប្រែងឲ្យបានខ្លាំងបំផុត ដើម្បីឈានទៅដណ្ដើមមេដាយជូនជាតិ ដើម្បីមានឱកាសបង្ហូតទង់ជាតិខ្មែរ និងបន្លឺភ្លេងជាតិខ្មែរឡើង ក្នុងព្រឹត្តិការណ៍ប្រចាំទ្វីបនេះ។

ឆ្លៀតឱកាសនោះ លោកក៏បានសម្ដែងនូវការសោកស្ដាយ ចំពោះការខកខានរបស់កីឡាករល្អៗមួយចំនួន ជាក់ស្ដែងលោក ប៉ាល់ ជីវ័ន ម្ចាស់មេដាយមាសពិភពលោក ដែលមិនបានចូលរួមប្រកួត បន្ទាប់ពីវិវឌ្ឍន៍ទៅជាគ្រូបង្វឹក។ យ៉ាងណាមិញលោកកោតសរសើរ និងវាយតម្លៃខ្ពស់ពីកម្រិតបច្ចេកទេសរបស់កីឡាករ-កីឡាការិនីកម្ពុជាបច្ចុប្បន្ន ហើយសង្ឃឹមថា ការចូលរួមប្រកួតព្រឹត្តិការណ៍ជើងឯកអាស៊ីនេះ និងមានភាពល្អប្រសើរច្រើន បើធៀបជាមួយនឹងមួយរយៈពេលមុន ទាំងវិញ្ញាសារការពារខ្លួន និងប្រយុទ្ធជាដើម។

គួរដឹងថា សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា នឹងបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកសរុប ២៧នាក់ ចូលរួមប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១០ នៅឥណ្ឌា នាដើមសប្ដាហ៍ក្រោយ ដែលដឹកនាំផ្ទាល់ដោយប្រធានសហព័ន្ធលោក កែវ រ៉េមី អមជាមួយអនុប្រធានប្រតិភូ អាជ្ញាកណ្ដាលអន្ដរជាតិ គ្រូបង្វឹក និងគ្រូជំនួយ ក្នុងនោះក៏មានកីឡាករ ១១នាក់ កីឡាការិនី ៦នាក់ផងដែរ។

សូមរំឮកថា កាលពីកាប្រកួតតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី៩ នៅប្រទេសម៉ុងហ្គោលី ក្រុមអត្តពលិកតេក្វាន់ដូ ITF កម្ពុជា ដណ្ដើមបានមេដាយសរុប ២១គ្រឿង (វិញ្ញាសា) រួមមានមេដាយមាស ៨ ប្រាក់ ៥ និងសំរឹទ្ធ ៨ ដែលជាជោគជ័យប្រវត្តិសាស្ដ្រមួយ សម្រាប់ក្រុមកីឡាតេក្វាន់ដ ITF កម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News