ព័ត៌មានអន្តរជាតិ August 17, 2024

នាយករដ្ឋមន្រ្តីជប៉ុន Kishida គ្រោងបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក នាខែក្រោយ ដើម្បីចូលរួមមហាសន្និបាត UN ហើយអាចជួបជាមួយលោក បៃដិន

Liny Chan

(តូក្យូ)៖ នៅថ្ងៃសៅរ៍នេះ កាសែតជប៉ុន Yomiuri បានរាយការណ៍ថា នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida កំពុងធ្វើការរៀបចំ សម្រាប់គម្រោងបំពេញទស្សនកិច្ច ទៅកាន់សហរដ្ឋអាមេរិក នៅខែកញ្ញាខាងមុខនេះ ដើម្បីចូលរួមមហាសន្និបាតនៃអង្គការសហប្រជាជាតិ (UN) ហើយក៏អាចមានជំនួបជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០២៤។

Fumio Kishida, former foreign minister, poses for a photo following a press conference after being elected as the new leader of the ruling Liberal Democratic Party (LDP), at the LDP headquarters in Tokyo on September 29, 2021. (Photo by Du Xiaoyi / POOL / AFP)

កាសែត Yomiuri បាននិយាយថា ការបំពេញទស្សនកិច្ចនោះ អាចប្រព្រឹត្តទៅរយៈពេលប៉ុន្មានថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២២ ខែកញ្ញា។ កាលពីថ្ងៃពុធសប្តាហ៍នេះ លោក Kishida បានប្រកាសថា លោកនឹងមិនប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី សម្រាប់​បក្សកាន់អំណាចជប៉ុន LDP ឡើយ។ ប្រការនេះមានន័យថា លោកនឹងចុះចេញពីតំណែងនាយករដ្ឋមន្រ្តី ពេលដែលលោកផុតអាណត្តិជាមេដឹកនាំបក្ស នៅចុងខែកញ្ញា។

កាលបរិច្ឆេទនៃការបោះឆ្នោតនោះ នៅមិនទាន់ត្រូវបានកំណត់នៅឡើយទេ ប៉ុន្តែបើតាម Yomiuri បើឆាប់បំផុត គឺវាអាចប្រព្រឹត្តទៅនា​ថ្ងៃទី២០ ខែកញ្ញា។ ប្រសិនបើដូច្នោះ លោក ​Kishida ទំនងជានឹងត្រូវថ្លែងសារនៅមហាសន្និបាត UN ក្រោយសភាជប៉ុន ជាទីដែល​បក្ស LDP កាន់កាប់សំឡេងភាគច្រើន បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី។

គួរបញ្ជាក់ថា យោងតាមកាសែត Yomiuri មន្រ្តីមួយចំនួននៅក្នុងរដ្ឋាភិបាលជប៉ុន យល់ថា នាយករដ្ឋមន្រ្តីជប៉ុនថ្មី ដែលឡើងបន្តពីលោក Kishida មិនគួរអភិវឌ្ឍទំនាក់ទំនងជិតស្និទ្ធជាមួយលោក បៃដិន ឡើយ។ លោក បៃដិន បានសម្រេចមិនបន្តឈរឈ្មោះប្រកួតប្រជែង ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា។ លោកត្រូវបានជំនួសដោយអនុប្រធានាធិបតី លោកស្រី Kamala Harris ក្នុងនាមជាបេក្ខជនតំណាងបក្សប្រជាធិបតេយ្យ ដែលនឹងត្រូវតទល់ជាមួយបេក្ខជនរបស់បក្សសាធារណរដ្ឋ គឺអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News