Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៉ីស្រាអែល អះអាងថានឹងមិនដកកងទ័ពចេញពីច្រករបៀង Philadelphi ក្នុងតំបន់ហ្កាហ្សានោះទេ

BY Liny Chan August 22, 2024
នាយករដ្ឋមន្ត្រីអ៉ីស្រាអែល អះអាងថានឹងមិនដកកងទ័ពចេញពីច្រករបៀង Philadelphi ក្នុងតំបន់ហ្កាហ្សានោះទេ

(ហ្ស៊េរុយសាឡិម)៖ ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថាអ៉ីស្រាអែលមិនបានយល់ព្រមថានឹងដកកងទ័ព របស់ខ្លួនចេញពីច្រករបៀង Philadelphi ស្ថិតនៅតាមបណ្ដោយព្រំដែនរវាងអេហ្ស៉ីប និងតំបន់ហ្កាហ្សានោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

ក្នុងសេចក្ដីថ្លែងការណ៍មួយ ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល បានគូសបញ្ជាក់ដូច្នេះថា «អ៉ីស្រាអែលនឹងប្រកាន់ខ្ជាប់នូវការសម្រេចឱ្យបានរាល់វត្ថុបំណង របស់ខ្លួនទាំងអស់នៅក្នុងសង្រ្គាម តាមការកំណត់របស់គណៈរដ្ឋមន្ត្រី ក្នុងនោះរួមមានទាំងការធានាឱ្យបានថាតំបន់ហ្កាហ្សានឹងមិនបង្កការគំរាមកំហែងសន្តិសុខ សាជាថ្មីដល់អ៉ីស្រាអែលដាច់ខាត។ នេះគឺតម្រូវជាចំាបាច់ការធានាសន្តិសុខនៅតាមព្រំដែនភាគខាងត្បូង»

គួរបញ្ជាក់ថា ប្រតិកម្មរបស់ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល ធ្វើឡើងជាការបដិសេធទៅនឹងសេចក្ដីរាយការណ៍ដែលថាលោក ណេតាន់យ៉ាហ៊ូ បានយល់ព្រម តាមសំណើរបស់សហរដ្ឋអាមេរិក ដើម្បីដកកងទ័ពចេញពីច្រករបៀង Philadelphi ជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះដូរអ្នកទោសជាមួយ ក្រុមហាម៉ាស។

Philadelphi គឺជាច្រករបៀងមួយស្ថិតនៅតាមបណ្ដោយព្រំដែនអេហ្ស៉ីប និងតំបន់ហ្កាហ្សា។ ច្រករបៀងនេះមានប្រវែង ១៤គីឡូម៉ែត្រ គឺជាតំបន់ទ្រនាប់គ្មាន យោធាដែលនៅតែជាចំណុចខ្ទាស់ដ៏សំខាន់ នៅក្នុងកិច្ចចរចារវាងអ៉ីស្រាអែល និងហាម៉ាស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: