ព័ត៌មានជាតិ August 23, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យបន្ធូរបន្ថយលក្ខខណ្ឌការថតរូប និងសម្រួលនីតិវិធីការចូលទស្សនា រមណីយដ្ឋានអង្គរ

Liny Chan

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ធូរបន្ថយលក្ខខណ្ឌនៃការថតរូប និងសម្រួលនីតិវិធីការចូលទស្សនា នៅតំបន់រមណីយដ្ឋានអង្គរ។

សម្តេចធិបតី បានណែនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រគល់ភារកិច្ចជូនគ្រឹះស្ថានអង្គរ កែសម្រួលនីតិវិធីកំណត់អត្តសញ្ញាណទេសចរ ទស្សនាប្រាសាទនៅក្នុងតំបន់អង្គរ ឲ្យមានភាពសាមញ្ញ ដោយបច្ចុប្បន្នភ្ញៀវដែលទិញសំបុត្រចូលទស្សនាត្រូវឆ្លងកាត់នីតិវិធីច្រើន ត្រូវបំពេញ រួមទាំងការថតរូប ពាក់កាត ហើយពេលខ្លះការឆែកនៅពេលភ្ញៀវដើរនៅក្នុងបរិវេណប្រាសាទ ដែលអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវ។

ក្នុងឱកាសថ្លែងការណ៍ពិសេសស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «កន្លងមក ខ្ញុំក៏ណែនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ថូរបន្ថយលក្ខខណ្ឌនៃការថតរូបនៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងគោលបំណងលើកតម្កើង និងលើកកម្ពស់ការផ្សព្វផ្សាយសម្បត្តិបេតិកភណ្ឌជាតិ និងជំរុញវិស័យទេសចរណ៍ប្រទេសយើង»។

បើតាមប្រសាសន៍សម្តេចធបតី ការធ្វើឲ្យលក្ខខណ្ឌកាន់តែសាមញ្ញ ភ្ញៀវទេសចរក៏រីករាយ ហើយមន្ត្រីធ្វើការពាក់ព័ន្ធនឹងរមណីយដ្ឋានប្រាសាទអង្គរ ក៏ងាយស្រួលធ្វើការដែរ។

សូមជម្រាបថា ថ្មីៗនេះ មានការចុះផ្សាយ ក៏ដូចជាការពិភាក្សាគ្នា នៅតាមបណ្តាញសង្គមមួយចំនួនពាក់ព័ន្ធនឹងតម្លៃសេវាកម្មថតវីដេអូ និងរូបភាពរបស់អាជ្ញាធរជាតិអប្សរា ដោយបានលើកឡើងថា មានតម្លៃថ្លៃជាដើម។ ជាមួយគ្នានេះ ក៏មានការយល់ច្រឡំថា អាជ្ញាធរជាតិអប្សរារឹតត្បិតការថតរូប នៅរមណីដ្ឋានប្រាសាទអង្គរ។

ប៉ុន្តែ បើតាមអាជ្ញាធរជាតិអប្សរា តម្លៃសេវាកម្មថតវីដេអូ និងរូបភាពសម្រាប់ប្រភេទអាជីវកម្ម ដែលបានកំណត់ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ គឺជាតម្លៃនៃសេវាកម្មដែលបានអនុវត្តតាំងពីអំឡុងឆ្នាំ២០១២មកម្ល៉េះ និងពុំមានការដំឡើងតម្លៃណាមួយឡើយ។ អាជ្ញាធរជាតិអប្សរា ក៏ធ្លាប់លើកឡើងថា មិនមានការហាមឃាត់ទេ ចំពោះការថតរូបភាព ឬវីដេអូ សម្រាប់ចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន ឬលក្ខណៈទេសចរណ៍ ដើម្បីផ្សព្វផ្សាយសិល្បៈ និងវប្បធម៌ឱ្យពិភពលោកបានស្គាល់ពីភាពទាក់ទាញ និងសម្បត្តិវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News