ព័ត៌មានជាតិ August 23, 2024

Apple ទំនងជាពន្យារពេលផលិតឧបករណ៍អេក្រង់បត់ដំបូងបង្អស់របស់ខ្លួនជាថ្មីម្តងទៀតរហូតដល់ឆ្នាំ២០២៨ ដោយសារបញ្ហាបច្ចេកទេស

Liny Chan

(បរទេស)៖ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះក្រុមហ៊ុនផលិតស្មាតហ្វូនធំៗជាច្រើន កំពុងងាកទៅផលិតស្មាតហ្វូនអេក្រង់​បត់​ ដោយក្នុងចំណោមនោះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ក៏កំពុងស្ថិតក្នុងដំណាក់ការអភិវឌ្ឍផងដែរ។ តែយ៉ាងណា បើតាមប្រភពពីអ្នកវិភាគដ៏ល្បីឈ្មោះលោក Ming-Chi Kuo បានអះអាងថា គម្រោងផលិតឧបករណ៍អេក្រង់បត់ចំនួនពីគឺ iPad/ MacBook របស់ Apple នឹងមិនចេញមកទាន់ពេលវេលានោះទេ ពោលគឺត្រូវពន្យារពេលជាថ្មីម្តងទៀត។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។

អ្នកវិភាគលោក Kuo បាននិយាយថា ពេលវេលាសម្រាប់ការផលិតឧបករណ៍អេក្រង់បត់ដ៏ធំរបស់ Apple ដំបូងឡើយត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅត្រីមាសទី១ ឆ្នាំ២០២៦ ប៉ុន្តែឥឡូវនេះត្រូវបានពន្យារពេលទៅចុងឆ្នាំ២០២៧ ឬរហូតដល់ឆ្នាំ២០២៨ ឯណោះ។ ចំពោះមូលហេតុនៃការពន្យាពេលនេះ ត្រូវបានសន្មតថាជា «បញ្ហាប្រឈមផ្នែកបច្ចេកទេស» ជាមួយនឹងបន្ទះអេក្រង់ និងសមាសធាតុមេកានិច។

គួរជម្រាបថា ឧបករណ៍អេក្រង់បត់ដំបូងបង្អស់របស់ Apple នឹងចេញមកក្នុងទំហំ ១៨.៨អ៊ីញ ដោយក្រុមហ៊ុននេះបានបោះបង់ចោលគម្រោងដែលគ្រោងទុកពីមុនមានទំហំ ២០.៥អ៊ីញ។ ដោយឡែកចំពោះតម្លៃវិញអាចកើនដល់ ៣,៥០០ដុល្លារឯណោះ ខណៈដែលតម្លៃផ្គត់ផ្គង់អេក្រង់មួយបន្ទះអាចមានចន្លោះពី ៦០០ ទៅ ៦៥០ដុល្លារ និង កន្លាក់បត់អាចមានតម្លៃចន្លោះពី ២០០ ទៅ ២៥០ដុល្លារ នេះបើតាមរបាយការណ៍ពីក្រុមហ៊ុនផ្គត់ផ្គង់ LG៕ ផ្ដល់សិទ្ធិដោយ៖ Fresh News