ព័ត៌មានអន្តរជាតិ August 26, 2024

ព្យុះទីហ្វុងខ្លាំងមួយ ត្រូវបានព្យាករថា នឹងបោកបក់លើប្រទេសជប៉ុន ក្នុងសប្តាហ៍នេះ

Liny Chan

(តូក្យូ)៖ នាថ្ងៃចន្ទនេះ ព្យុះទីហ្វុងខ្លាំងមួយ កំពុងមានគោលដៅឆ្ពោះមកកាន់ ភាគខាងត្បូងប្រទេសជប៉ុន ខណៈអាជ្ញាធរឧតុនិយម បានព្រមានអំពីភ្លៀងធ្លាក់ជោគជាំ ខ្យល់បោកបក់ខ្លាំង រួមជាមួយលទ្ធភាពនៃការរំខានដល់ប្រព័ន្ធដឹកជញ្ជូន នៅក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤។

ព្យុះទីហ្វុងឈ្មោះ Shanshan ត្រូវបានរំពឹងថា នឹងធ្វើដំណើរឆ្លងតំបន់កោះ Amam នាថ្ងៃពុធសប្តាហ៍នេះ ជាមួយកម្លាំងខ្យល់​រហូតដល់ ២១៥គីឡូម៉ែត្រក្នុង១ម៉ោង មុនវាងាកទៅរក កោះធំប្រចាំភាគខាងត្បូងជប៉ុន គឺកោះ Kyushu។ នាពេលកន្លងទៅ ក្នុងខែសីហានេះ ព្យុះទីហ្វុងឈ្មោះ Ampil បានបង្កការរំខានដល់ប្រតិបត្តិការហោះហើរ និងរថភ្លើងរាប់រយជើង ហើយនាំមកនូវការធ្លាក់ភ្លៀងយ៉ាងខ្លាំងក្លា ប៉ុន្តែវាបានបណ្តាលមានមនុស្សរងរបួសតិច និងការបំផ្លាញបំផ្លាញស្រាលប៉ុណ្ណោះ នៅជប៉ុន។

គួរបញ្ជាក់ថា ព្យុះទីហ្វុងថ្មីខាងលើកើតមាន នៅប៉ុន្មានថ្ងៃបន្ទាប់ពីព្យុះត្រូពិចឈ្មោះ Maria បានបង្កភ្លៀងធ្លាក់ ក្នុងកម្រិតខ្លាំងមិនធ្លាប់មាន នៅតំបន់ភាគខាងជើងប្រទេសជប៉ុន។ យោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយ ដែលចេញផ្សាយដោយកាលពីខែកក្កដាកន្លងទៅ ព្យុះទីហ្វុងនៅតំបន់ប៉ាស៉ីហ្វិក បានលេចរូបរាងឡើងកាន់តែកៀកឆ្នេរសមុទ្រ ហើយកើនឡើងថាមពលយ៉ាងឆាប់រហ័ស និងមាន​រយៈពេលកាន់តែយូរជាងមុន ពេលពួកវានៅលើដីគោក គឺដោយសារតែកត្តាប្រែប្រួលអាកាសធាតុ ជាចម្បង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News