Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ព្យុះទីហ្វុង Shanshan បក់បោកប្រទេសជប៉ុន បណ្ដាលឱ្យមនុស្ស ៥នាក់បាត់បង់ជិវីត

    BY Liny Chan August 30, 2024
    ព្យុះទីហ្វុង Shanshan បក់បោកប្រទេសជប៉ុន បណ្ដាលឱ្យមនុស្ស ៥នាក់បាត់បង់ជិវីត

    (Oita ជប៉ុន)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសជប៉ុន បាននិយាយនៅថ្ងៃសុក្រ ទី៣០ ខែសីហានេះថាព្យុះទីហ្វុង Shanshan បានថមថយចុះឥទ្ធិពលហើយ តែបានបង្កឱ្យមានភ្លៀង ធ្លាក់ខ្លាំង រំខានដល់សេវាធ្វើដំណើរ ខណៈអ្នកស្លាប់បានកើនដល់ ៥នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

    Shanshan ជាព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុតមួយវាយប្រហារលើប្រទេសជប៉ុន ក្នុងឆ្នាំ២០២៤នេះ បានថមថយចុះឥទ្ធិពលនៅព្រឹកថ្ងៃសុក្រនេះ ដោយល្លឿនខ្យល់បក់ បានធ្លាក់ចុះពី ២៥២គីឡូម៉ែត្រក្នុងមួយម៉ោង មកនៅត្រឹម ១២៦គីឡូម៉ែត្រក្នុងមួយម៉ោង។ តាមក្រុមមន្ត្រីជប៉ុន មុនព្យុះនេះបក់បោកដល់តំបន់ដីគោកនៃកោះ Kyushu គ្រោះរអិលបាក់ដីមួយបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានសម្លាប់មនុស្ស៣នាក់ជាសមាជិកក្នុងគ្រួសារតែមួយកាលពីថ្ងៃអង្គារ នៅខេត្ត Aichi។ ចំណែក មនុស្ស២នាក់ផ្សេងទៀត ត្រូវបានរាយការណ៍ថាបានស្លាប់នៅក្នុងខេត្ត Tokushima ហើយមនុស្សយ៉ាងហោច ៨១នាក់បានរងរបួស។

    គួរបញ្ជាក់ថា ឥទ្ធិពលព្យុះទីហ្វុង Shanshan បានធ្វើឱ្យមនុស្ស ២៥០ ០០០គ្រួសារគ្មានអគ្គិសនីប្រើប្រាស់។ ប៉ុន្តែខាងអាជ្ញាធរជប៉ុន បាននិយាយនៅថ្ងៃសុក្រនេះថាឥលូវសល់តែ ៦៥០០គ្រួសារប៉ុណ្ណោះ កំពុងគ្មានអគ្គិសនីប្រើប្រាស់ ខណៈក្រុមអ្នកជំនាញកំពុងជួសជុលបណ្ដាញអគ្គិសនីដែលរងការខូចខាត។ ទន្ទឹមគ្នា សេវារថភ្លើងល្បឿនលឿននៅតែត្រូវផ្អាក នៅលើកោះ Kyushu រីឯក្រុមអាកាសចរណ៍ជប៉ុនជាច្រើន បានប្រកាសលុបចោលជើងហោះហើរច្រើនជាង៦០០ជើងសម្រាប់ថ្ងៃសុក្រនេះ ធ្វើឱ្យប៉ះពាល់ដល់អ្នកដំណើរជិត ៥០ ០០០នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: