Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឱកាសការងារជាង ៥ម៉ឺនកន្លែង នៅទូទាំងប្រទេស កំពុងរង់ចាំលោកអ្នក

    BY Liny Chan September 3, 2024
    ឱកាសការងារជាង ៥ម៉ឺនកន្លែង នៅទូទាំងប្រទេស កំពុងរង់ចាំលោកអ្នក

    (ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំឱកាសការងារក្នុងស្រុកចំនួន ៥៣,២៩៦ កន្លែង ក្នុងវិស័យសំខាន់ៗចំនួនបីធំៗ សម្រាប់សាធារណជន យុវជន ងាយស្រួលជ្រើសរើសចូលបម្រើការងារតាមជំនាញដែលខ្លួនមាន។ នេះបើតាមលោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ។

    លោក កត្តា អ៊ន បានឱ្យដឹងថា ឱកាសការងារជាង៥ម៉ឺនកន្លែងនោះ ក្នុងវិស័យដូចជា វិស័យឧស្សាហកម្មចំនួន ៤០,៧៥៣កន្លែង វិស័យកសិកម្មចំនួន ៨,៥៤៩កន្លែង និងសេវាកម្មចំនួន ៣,៩៩៤កន្លែង ដែលត្រូវបានប្រកាសជ្រើសរើសនៅក្នុងបណ្តាខេត្តជាច្រើនដូចជា៖ ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ឆ្នាំង, រាជរាធានីភ្នំពេញ, ខេត្តស្វាយរៀង, ខេត្តរតនគីរី, ខេត្តក្រចេះ, ខេត្តតាកែវ, ខេត្តកណ្តាល, ខេត្តបន្ទាយមានជ័យ, ខេត្តកោះកុង, និងបណ្តាខេត្តផ្សេងៗទៀត។

    អ្នកនាំពាក្យក្រសួងការងារ ក៏បានណែនាំដល់ យុវជន សិស្ស និស្សិត ពិសេស សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសប្រញាប់រួសរាន់មកដាក់ពាក្យស្វែងរកការងារទៅតាមជំនាញរបស់ខ្លួនដែលមាន។ ប្រសិនបើមានចម្ងល់សូមទំនាក់ទំនងមកកាន់ប្រព័ន្ធ Hotline របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈលេខ 1297 ឬ 1286 រៀងរាល់២៤ ម៉ោងផងដែរ។

    គួរបញ្ជាក់ផងដែរថា ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ ពោលគឺមួយឆ្នាំដំបូងនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រេចបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ លើកិច្ចការស្វែងរកឱកាសការងារជូនពលរដ្ឋកម្ពុជា ក្នុងនោះ NEA ទទួលបានអ្នកមកចុះឈ្មោះស្វែងរកការងារមានចំនួន ៤២,១១៣ នាក់។

    ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) បានរៀបចំកម្មវិធី «វេទិកាការងារ» ជាច្រើនលើកជាប្រចាំដើម្បីបង្កើតកន្លែងជួបគ្នាដោយងាយស្រួលរវាងនិយោជក និងអ្នកស្វែងរកការងារ ក្នុងការដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ ដែលរួមមាន៖ កិច្ចសម្ភាសការងារ វេទិកាការងារ និងពិព័រណ៍ការងារថ្នាក់ខេត្ត និងថ្នាក់ជាតិ ដែលក្រុមហ៊ុន សហគ្រាប់ធំៗជាច្រើនអាចចូលរួមដាក់តាំងបង្ហាញឱកាសការងារជូនសាធារណជន។ លើសពីនេះ NEA ក៏មានមជ្ឈមណ្ឌលការងារចំនួន ១៤ និងមជ្ឈមណ្ឌលការងារចល័តចំនួន ៧ ដើម្បីផ្តល់សេវាការងារដោយផ្ទាល់ ជូនយុវជន សិស្ស-និស្សិតនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងសាកលវិទ្យាល័យនានានៅទូទាំងប្រទេសផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: